សិក្ខាសាលាស្ដីពីគណនេយ្យជាតិខេត្តកំពង់ឆ្នាំង២០២៤-២០២៥
AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពីលទ្ធផលគណនេយ្យជាតិខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៤-២០២៥ នៅសាលប្រជុំខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលស្រុក មេឃុំចៅសង្កាត់ និងមន្ត្រីការិយាល័យជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម រិន វីរៈ បានមានប្រសាសន៍ថា ការបង្ហាញលទ្ធផលស្ដីពីគណនេយ្យជាតិខេត្តកំពង់ឆ្នាំង២០២៤-២០២៥ មានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ក្រុង ស្រុក ឃុំសង្កាត់ សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនោះ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ត្រូវបានរៀបចំឡើងដោយផ្អែកលើឧបករណ៍ជាមូលដ្ឋាន យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក្នុងរយៈពេលមួយដ៏វែង សេដ្ឋកិច្ចកម្ពុជា មានការប្រែប្រួលថ្លៃ និងរចនាសម្ព័ន្ធ ដែលចាំបាច់ក្នុងការផ្លាស់ប្ដូរឆ្នាំគោលថ្មីជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ ព្រមទាំងលើកកម្ពស់គុណភាព និងរបាយការណ៍មូលនិធិ រូបិយវត្ថុជាតិ អន្តរជាតិ ស្នើឱ្យប្រទេសជាសមាជិកផ្លាស់ប្ដូរឆ្នាំគោល រៀងរាល់៥ឆ្នាំ ឬយូរបំផុត១០ឆ្នាំម្តង។ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួងគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាខេត្តឯកសារស្ថានភាពខេត្តកំពង់ឆ្នាំង ផែនការគ្រប់គ្រងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានកិត្តិយុត្តនានាជាមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព និងកែសម្រួលក្នុងកិច្ចប្រជុំក្រុមការងារដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗដែលបានអនុវត្តកន្លងមកដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនស្របតាមក្របខ័ណ្ឌនិងពេលវេលាបង្ហាញពីសេដ្ឋកិច្ចលក្ខណៈគ្រួសារ។ ផ្អែកលើប្រភពទិន្នន័យសំខាន់ៗរួមមាន អង្កេតសេដ្ឋកិច្ច២០១៤ និងប្រភពទិន្នន័យរដ្ឋបាល ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាលទិន្នន័យពាណិជ្ជកម្មជាតិ-អន្តរជាតិ និងទិន្នន័យក្រសួង ស្ថាប័នផ្សេងទៀតរបស់ខេត្តកំពង់ឆ្នាំង៕

ដោយ បៃ ស៊ីថុន





