លោកស្រី សាណាអេ តាកៃជិ ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបង្អស់របស់ប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ -- ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនលោកស្រី សាណាអេ តាកៃជិ (Sanae Takaichi) កាលពីថ្ងៃអង្គារបានទទួលជ័យជម្នះនៅក្នុងសភាទាំងពីររបស់ប្រទេសជប៉ុនក្នុងការក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបង្អស់របស់ប្រទេស។
លោកស្រី តាកៃជិ បានក្លាយជានាយករដ្ឋមន្ត្រីទី១០៤ របស់ប្រទេសជប៉ុន។
ការបោះឆ្នោតសភាលើកដំបូងបានចាប់ផ្តើមនៅវេលាម៉ោង០១:០៨នាទីយប់ (ម៉ោងក្នុងស្រុក) ដែលត្រូវបានផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍ NHK ដែលគ្រប់គ្រងដោយរដ្ឋ។
លោកស្រី តាកៃជិ ទទួលបានសំឡេងគាំទ្រចំនួន២៣៧សំឡេងនៅក្នុងសភាជាន់ទាប ដោយមានការគាំទ្រពីគណបក្សនវានុវត្តន៍ជប៉ុន (JIP) ដែលបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្ស LDP ក៏ដូចជាជាមួយក្រុមឯករាជ្យផ្សេងទៀត។
នាយករដ្ឋមន្ត្រីត្រូវការការគាំទ្រយ៉ាងតិចបំផុតពីសមាជិកសភាចំនួន២៣៣នាក់នៅក្នុងសភាជាន់ទាបដែលមានចំនួនសរុប ៤៦៥អាសនៈ។
ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនាយករដ្ឋមន្ត្រីបានប្រព្រឹត្តទៅសម្រាប់ការបោះឆ្នោតនៅសភាជាន់ខ្ពស់ ដែលលោកស្រី តាកៃជិ ទទួលបានសំឡេងគាំទ្រយ៉ាងតិច ១២៥សំឡេង តទល់នឹងគូប្រជែងដ៏សំខាន់របស់លោកស្រី គឺលោក យ៉ូស៊ីហ៊ីកូ ណូដា (Yoshihiko Noda)ដែលជាប្រធានគណបក្សប្រឆាំងដ៏ធំបំផុតនៃគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន។
លោកស្រី តាកៃជិ ត្រូវបានជ្រើសរើសក្នុងអំឡុងពេលសម័យប្រជុំវិសាមញ្ញលើកទី២១៩ នៃសភា។
ភ្លាមៗបន្ទាប់ពីការបោះឆ្នោត លោកស្រី តាកៃជិ គ្រោងនឹងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោកស្រី។
លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) ត្រូវបានគេរំពឹងថានឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី(Toshimitsu Motegi) ទំនងជាក្លាយជារដ្ឋមន្ត្រីការបរទេស ហើយលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) ត្រូវបានគេរំពឹងថានឹងត្រូវបានបែងចែកផ្នែកកិច្ចការផ្ទៃក្នុង។
នៅព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ស៊ីកេរុ អ៊ីស៊ីបា (Shigeru Ishiba) និងគណៈរដ្ឋមន្ត្រីរបស់លោកបានលាលែងពីតំណែងដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។
កាលពីខែមុន លោក អ៊ីស៊ីបា បានលាលែងពីតំណែង បន្ទាប់ពីប្រឈមមុខនឹងសម្ពាធ និងការរិះគន់យ៉ាងខ្លាំងពីក្នុងបក្ស LDP ដែលកំពុងកាន់អំណាច ជុំវិញការចាញ់ការបោះឆ្នោតជាប់ៗគ្នា។ លោកស្រី តាកៃជិ ត្រូវបានជ្រើសរើសជាប្រធានស្ត្រីដំបូងរបស់គណបក្ស LDP កាលពីដើមខែនេះ។
លោក អ៊ីស៊ីបា គឺជានាយករដ្ឋមន្ត្រីជប៉ុនទីបួនដែលបានលាលែងពីតំណែងក្នុងរយៈពេលត្រឹមតែ ០៥ឆ្នាំ បន្ទាប់ពីលោក ស៊ីនហ្សូ អាបេ (Shinzo Abe) លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) និងលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





