រថយន្តជំនួយចំនួន ៩៨៦គ្រឿងចូលទៅដល់តំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីបទឈប់បាញ់គ្នា ដែលតិចជាងចំនួនសរុបដែលបានព្រមព្រៀង
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ -- ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្គាហ្សាបានប្រកាសកាលពីថ្ងៃអង្គារថា មានតែរថយន្តដឹកទំនិញចំនួន ៩៨៦គ្រឿងប៉ុណ្ណោះដែលបានដឹកជំនួយមនុស្សធម៌ចូលទៅក្នុងហ្គាហ្សាស្ទ្រីបចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ដែលទាបជាងចំនួនដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ឡានដឹកទំនិញសរុបចំនួន ៦.៦០០គ្រឿងត្រូវបានគេសន្មត់ថានឹងចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីល្ងាចថ្ងៃចន្ទ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ចំនួនជាមធ្យមនៃរថយន្តដឹកទំនិញដែលបានចូលទៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីបទឈប់បាញ់គ្នាចូលជាធរមាន គឺមិនលើសពី ៨៩គ្រឿងទេ ដែលវាស្ថិតក្នុងចំណោមរថយន្តចំនួន ៦០០គ្រឿងដែលត្រូវបានសន្មត់ថាចូលទៅជារៀងរាល់ថ្ងៃ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «នេះជាការឆ្លុះបញ្ចាំងពីការបន្តនៃគោលនយោបាយកាន់កាប់របស់អ៊ីស្រាអែលអំពីការអត់ឃ្លាន និងការធ្វើឱ្យខូចខាតដល់កិច្ចការងារមនុស្សធម៌ដែលបានដាក់ទៅលើអ្នកស្រុកជាង ២,៤លាននាក់នៅតំបន់ហ្គាហ្សា»។
ឡានដឹកទំនិញចំនួន ១៤គ្រឿងដែលផ្ទុកហ្គាសចម្អិនអាហារ និង២៨គ្រឿងដែលផ្ទុកដោយឥន្ធនៈពន្លឺព្រះអាទិត្យបានចូលទៅក្នុងបរិវេណសម្រាប់ប្រតិបត្តិការហាងនំប៉័ង មន្ទីរពេទ្យ ម៉ាស៊ីនភ្លើង និងសេវាកម្មសំខាន់ៗផ្សេងៗទៀត។
រដ្ឋាភិបាលបានសង្កត់ធ្ងន់ថា បរិមាណមានកំណត់ទាំងនេះ ខ្វះនូវតម្រូវការសំខាន់ៗរបស់តំបន់ហ្គាហ្សា ដែលស្ថិតក្នុងតម្រូវការបន្ទាន់ និងធ្ងន់ធ្ងរនៃការចូលជាបន្ទាន់ និងជាប់លាប់នៃរថយន្តជំនួយយ៉ាងហោចណាស់៦០០គ្រឿងជារៀងរាល់ថ្ងៃ រួមទាំងអាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត សម្ភារៈសង្គ្រោះ ប្រេងឥន្ធនៈប្រតិបត្តិការ និងឧស្ម័នចម្អិនអាហារ ដើម្បីទទួលបាននូវតម្រូវការជាមូលដ្ឋាននៃជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។
កិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០២៥ នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយផ្អែកលើផែនការជាដំណាក់កាលដែលបង្ហាញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។ ដំណាក់កាលទី១ រួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។ផែនការនេះក៏បានគិតគូរដល់ការកសាងតំបន់ហ្គាហ្សាឡើងវិញ និងការបង្កើតយន្តការគ្រប់គ្រងថ្មីដោយគ្មានក្រុមហាម៉ាស់ផងដែរ។
ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក សង្រ្គាមប្រល័យពូជសាសន៍អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៦៨.២០០នាក់ និងរបួសជាង១៧០.២០០នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





