សិង្ហបុរីបង្កើតអង្គភាពការពារឌីជីថល ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខអនឡាញ
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ -- ជាមួយនឹងការវាយប្រហារតាមអនឡាញកាន់តែមានភាពស្មុគ្រស្មាញ ក្រសួងការពារជាតិសិង្ហបុរីបានបង្កើតអង្គភាពថ្មីមួយដើម្បីបំពាក់បំប៉នអ្នកការពារបណ្តាញរបស់រដ្ឋាភិបាលឱ្យមានសមត្ថភាពខ្លាំងជាងមុន ខណៈដែលរឹតបន្តឹងការសម្របសម្រួលរបស់ពួកគេ។
សារព័ត៌មាន The Straits Times បានរាយការណ៍ថា មជ្ឈមណ្ឌលការពារឌីជីថលថ្មី (DDH) ដែលស្ថិតនៅក្រោមមជ្ឈមណ្ឌលសម្រាប់បច្ចេកវិទ្យាព័ត៌មានយុទ្ធសាស្ត្រ (CSIT) របស់ក្រសួងការពារជាតិសិង្ហបុរី ក៏ត្រូវបានប្រគល់ភារកិច្ចក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខតាមអនឡាញ ទាំងនៅក្នុងរដ្ឋាភិបាល និងជាមួយវិស័យឯកជនផងដែរ។
ថ្លែងនៅក្នុងសន្និសីទបច្ចេកទេសបិទទ្វារមួយកាលពីពេលថ្មីៗនេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល CSIT រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសម្រាប់សន្តិសុខជាតិ លោក ខេ. ស្សាន់មូហ្កាំ (K. Shanmugam) បាននិយាយថា អង្គភាពថ្មីនេះនឹងផ្តោតសំខាន់ទៅលើការអភិវឌ្ឍ និងដាក់ពង្រាយសមត្ថភាពដើម្បីគាំទ្រដល់ភ្នាក់ងារសាធារណៈ និងបេសកកម្មដ៏ធំទូលាយដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ដូចជាការប្រឆាំងនឹងការគំរាមកំហែងកម្រិតខ្ពស់ (APTs) ជាដើម។
APTs គឺជាអ្នកវាយប្រហារដែលមានធនធានល្អ ដែឡជាធម្មតាមានទំនាក់ទំនងទៅក្នុងរដ្ឋ ដែលលាក់ខ្លួនក្នុងបណ្តាញដើម្បីលួចព័ត៌មានរសើប ឬរំខានដល់សេវាកម្មសំខាន់ៗ។
លោក ស្សាន់មូហ្កាំ បាននិយាយថា ការសង្ស័យថាមានការវាយប្រហារ APT ទៅលើប្រទេសសិង្ហបុរីច្រើនជាងបួនដងនៅចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២៤។ ទម្រង់នៃការគំរាមកំហែងឌីជីថលផ្សេងៗទៀតដែលអាចរំខានដល់សង្គមយ៉ាងធ្ងន់ធ្ងរ ដូចជាការវាយប្រហារ ransomware និងការបោកប្រាស់តាមប្រព័ន្ធឌីជីថល ក៏កំពុងវិវត្តយ៉ាងឆាប់រហ័សផងដែរ។
លោកបានបន្ថែមថា មជ្ឈមណ្ឌល DDH នឹងផ្តោតទៅលើជំនាញស៊ីជម្រៅរបស់មជ្ឈមណ្ឌល CSIT ទៅលើផ្នែកបច្ចេកទេសផ្សេងៗ ដូចជាការស្រាវជ្រាវការគំរាមកំហែងតាមអនឡាញ ការវិភាគមេរោគ និងការចាត់ក្រុមក្រហមទៅក្នុងសមត្ថភាពកាន់តែប្រសើរឡើងសម្រាប់ភ្នាក់ងារសាធារណៈ ដើម្បីការពារ ស៊ើបអង្កេត និងឆ្លើយតបប្រឆាំងនឹងការគំរាមកំហែងតាមអនឡាញដែលមានឥទ្ធិពលខ្ពស់។
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ មជ្ឈមណ្ឌល CSIT គឺជាទីភ្នាក់ងារបច្ចេកវិទ្យាឌីជីថលនាំមុខគេនៅក្នុងក្រសួងការពារជាតិសិង្ហបុរីដែលបង្កើតឧបករណ៍ឌីជីថលដើម្បីបំពេញតម្រូវការសន្តិសុខជាតិរបស់ប្រទេស៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





