ឥណ្ឌូណេស៊ីមានបំណងបណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងចំនួន ២.០០០នាក់សម្រាប់វិស័យយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក ប្រាយអ៊ែន យូលីអាតូ (Brian Yuliarto) ធ្វើការពន្លឿនការត្រៀមខ្លួនរបស់អ្នកជំនាញវ័យក្មេងជាង ២.០០០នាក់ ដើម្បីចូលទៅក្នុងវិស័យសាធារណៈ និងឯកជនរបស់ប្រទេស។
ការណែនាំនេះត្រូវបានផ្តល់ជូនក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកប្រធានាធិបតី ប្រាបូវ៉ូ នៅឯគេហដ្ឋានKertanegara របស់លោកក្នុងទីក្រុងហ្សាការតាកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចែករំលែកដោយលេខាធិការគណៈរដ្ឋមន្រ្តី លោក ធេដឌី អ៊ីនដ្រា វីចាយ៉ា (Teddy Indra Wijaya) តាមរយៈគណនីបណ្តាញសង្គមអ៊ីនស្តាក្រាមផ្លូវការ@sekretariat.kabinet ។
គំនិតផ្តួចផ្តើមនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីដែលមានទេពកោសល្យជាតិនៅក្នុងវិស័យអាទិភាពសំខាន់ៗ ដូចជាវិស័យបច្ចេកវិទ្យា ថាមពល សន្តិសុខស្បៀង និងហិរញ្ញវត្ថុឌីជីថលជាដើម។
ការពន្លឿនការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញនេះ ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ណាស់ក្នុងការបំពេញនូវបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។
លើសពីការកសាងសមត្ថភាពបុគ្គល កម្មវិធីនេះក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកសិក្សា និងឧស្សាហកម្ម ដោយកាត់បន្ថយគម្លាតរវាងការអប់រំ និងការងារផងដែរ។
កាលពីដើមខែកក្កដា លោកប្រធានាធិបតី ប្រាបូវ៉ូ បានផ្តួចផ្តើមកម្មវិធីអាហារូបករណ៍ប្រធានាធិបតីសម្រាប់ភាពជាអ្នកដឹកនាំសេដ្ឋកិច្ច និងធុរកិច្ចដោយមានអ្នកជំនាញវ័យក្មេងចំនួន ៨២នាក់ត្រូវបានជ្រើសរើសដោយក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកំពូលៗក្នុងប្រទេសឥណ្ឌូណេស៊ី និងពីក្រៅប្រទេស បានទទួលដំណើរការជ្រើសរើសយ៉ាងតឹងរ៉ឹងដើម្បីធានាបាននូវស្តង់ដារខ្ពស់នៃសមត្ថភាព ភាពស្មោះត្រង់ និងចក្ខុវិស័យនៃភាពជាអ្នកដឹកនាំ។ កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់រដ្ឋាភិបាលក្នុងការបំប៉ន និងថែរក្សាធនធានមនុស្សដែលអាចសម្របខ្លួនបាន និងមានសមត្ថភាពខ្ពស់ដែលអាចជំរុញវឌ្ឍនភាពជាតិនាពេលអនាគត៕





