ឥណ្ឌូណេស៊ីជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីបានយកមកវិញដោយជោគជ័យនូវទឹកប្រាក់ចំនួន ១,៧ពាន់ពាន់លានរូពៀ(១០២,៥លានដុល្លារអាម៉េរិក) នៅក្នុងករណីកិបកេងថវិការដ្ឋពីជនសង្ស័យពុករលួយក្នុងអំឡុងពេលនៃឆ្នាំដំបូងនៃការគ្រប់គ្រងរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto)។
យោងតាមរបាយការណ៍ស្រាវជ្រាវឆ្នាំទីមួយនៃរដ្ឋបាលរបស់លោក ប្រាបូវ៉ូ ដោយទីភ្នាក់ងារស្រាវជ្រាវ និងបោះពុម្ពផ្សាយ NEXT របស់ឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ តម្លៃសរុបគឺទទួលបានពីការរឹបអូសយកមកវិញនូវមូលនិធិដែលត្រូវបានកេងប្រវ័ញ្ច និងការស្ដារឡើងវិញនូវតំបន់ព្រៃឈើ។
ទីភ្នាក់ងារ NEXT ឥណ្ឌូណេស៊ី បាននិយាយថា ក្នុងរយៈពេលដូចគ្នានេះ ករណីអំពើពុករលួយចំនួន ៤៣ករណីត្រូវបានស៊ើបអង្កេតដោយគណៈកម្មាធិការលុបបំបាត់អំពើពុករលួយ (KPK) និងការិយាល័យអគ្គមេធាវីដោយជួយការពារការបាត់បង់ថវិការដ្ឋដែលមានសក្តានុពលរហូតដល់៣២០,៤០០ពាន់ពាន់លានរូពៀ (១៩,៣ពាន់លានដុល្លារអាម៉េរិក)។
ទីភ្នាក់ងារនេះបាននិយាយថា អំពើពុករលួយក្នុងការគ្រប់គ្រងប្រេងឆៅនៅក្នុងក្រុមហ៊ុនរដ្ឋ Pertamina ក្នុងអំឡុងពេលឆ្នាំ២០១៨-២០២៣ គឺជាករណីពុករលួយដ៏ធំបំផុតដែលត្រូវបានស៊ើបអង្កេតដោយរដ្ឋាភិបាល ព្រោះវាបណ្តាលឱ្យមានការខាតបង់ថវិកាដែលអាចកើតមានប្រមាណ ២៨៥ពាន់ពាន់លានរូពៀ (១៧,១ពាន់លានដុល្លារអាម៉េរិក)។
លោកប្រធានាធិបតី ប្រាបូវ៉ូ បានប្រាប់ប្រធាន និងជានិពន្ធនាយកសារព័ត៌មាន Forbes Media លោក ស្ទីវ ហ្វូបេស (Steve Forbes) ថាអំពើពុករលួយគឺជាជំងឺមួយនៅពេលដែលវាឈានដល់ដំណាក់កាលទី៤ដូចជាមហារីក។ វាពិបាកណាស់ ប៉ុន្តែអំពើពុករលួយនឹងបំផ្លាញប្រទេសជាតិ។
លោកប្ដេជ្ញាថានឹងព្យាយាមកាត់បន្ថយអំពើពុករលួយ ហើយពេលខ្លះមានវិធីតែមួយគត់ គឺធ្វើជាគំរូ។
ទន្ទឹមនឹងនេះដែរ របាយការណ៍របស់ទីភ្នាក់ងារ NEXT ឥណ្ឌូណេស៊ីបាននិយាយថា កម្មវិធី «ឈ្នះដោយរហ័ស» របស់លោកប្រធានាធិបតី ប្រាបូវ៉ូ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងរយៈពេលដ៏ខ្លី។ កម្មវិធីទាំងនេះរួមមានការផ្តល់អាហាររូបត្ថម្ភឥតគិតថ្លៃ (MBG) នៅតាមសាលារៀន និងការពិនិត្យសុខភាពដោយឥតគិតថ្លៃ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





