លោកជំទាវ ឆឹង ស៊ីមន អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥-- នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ មានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី « ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសិល្បៈ » ក្រោមអធិបតីភាព លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងឱកាសនោះ លោកជំទាវ ឆឹង ស៊ីមន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានវត្ថុបំណងផ្តោតជាសំខាន់លើការលើកកម្ពស់ការថែរក្សា ការពារសិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិឱ្យបានគង់វង្ស ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ការទប់ស្កាត់ផលប៉ះពាល់ដែលមានលក្ខណៈអវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ ការលើកកម្ពស់ឥរិយាបថ អត្តចរិត វោហារស័ព្ទ សំណេរ និងប្រឌិតញាណរបស់អ្នកសិល្បៈ ស្របតាមវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ការលើកកម្ពស់សីលធម៌ គុណធម៌ សច្ចធម៌ និងសេចក្តីថ្លៃថ្នូរនៃអ្នកប្រកបមុខរបរពាក់ព័ន្ធនិងវិស័យសិល្បៈ វប្បធម៌ ដើម្បីឧត្តមភាពបុគ្គល សង្គម និងដើម្បីជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកបន្តវេន និងបង្កើតសមត្ថភាពច្នៃប្រតិដ្ឋប្រកបដោយទំនួលខុសត្រូវ និងមានវិជ្ជាជីវៈខ្ពស់ មិនលួច ឬថតចម្លងស្នាដៃអ្នកដទៃ។


វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីសំណាក់ សិល្បករ សិល្បការិនី អ្នកនិពន្ធ អ្នកសម្តែងទាំងក្នុង និងក្រៅប្រព័ន្ធមកពីសមាគម និងក្រុមសិល្បៈប្រមាណ ១២០នាក់៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





