ក្រុមហ៊ុន KAI និងក្រុមហ៊ុន Airbus ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងវិស័យអវកាស និងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ -- ក្រុមហ៊ុន Korea Aerospace Industries (KAI) Ltd. កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនអាកាសចរណ៍យក្សអ៊ឺរ៉ុបAirbus SE ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ពួកគេក្នុងវិស័យការពារជាតិ និងវិស័យអវកាស។
យោងតាមក្រុមហ៊ុនកូរ៉េខាងត្បូងបានឱ្យដឹងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះបានធ្វើឡើងនៅតំបន់ KINTEX ក្នុងទីក្រុងហ្គោយ៉ាង ភាគពាយ័ព្យនៃទីក្រុងសេអ៊ូល នៅខាងក្រៅនៃពិព័រណ៍យន្តហោះ និងការពារជាតិអន្តរជាតិរបស់ទីក្រុងសេអ៊ូល (ADEX) ឆ្នាំ២០២៥។
នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន KAI (CEO) លោក ចា ជេយ៉ុង (Cha Jae-byung) លោក អាណាន់ ស្ទេនឡី (Anand Stanley) ប្រធានក្រុមហ៊ុន Airbus Asia-Pacific និងលោក លី ហេវ៉ាន់ (Lee Hee-hwan)ប្រធានក្រុមហ៊ុន Airbus Korea បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
នៅក្រោម MOU ក្រុមហ៊ុនទាំងពីរនឹងស្វែងយល់ពីឱកាសរួមគ្នាជាច្រើន រួមទាំងការអភិវឌ្ឍយន្តហោះបេសកកម្មពិសេស ឧទ្ធម្ភាគចក្រលើកមធ្យមល្បឿនលឿន និងការធ្វើតេស្តហោះហើរសម្រាប់ការចាក់ប្រេងពីលើអាកាសនៃយន្តហោះចម្បាំង KF-21 និងយន្តហោះ FA-50។
ក្រុមហ៊ុនទាំងពីរបានរក្សាពីទំនាក់ទំនងជិតស្និទ្ធនៅក្នុងឧស្សាហកម្មការពារជាតិ និងអវកាសអស់រយៈពេល ២០ឆ្នាំកន្លងមក ដោយចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការអភិវឌ្ឍឧទ្ធម្ភាគចក្រ Surion របស់ប្រទេសកូរ៉េខាងត្បូង។
លោក ចា បាននិយាយថា «កិច្ចសហប្រតិបត្តិការដែលបានពង្រីកនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងការប្រកួតប្រជែងនៃឧស្សាហកម្មអវកាសរបស់ប្រទេសកូរ៉េ» ។ «តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រដែលបង្កើតឡើងនៅលើការជឿទុកចិត្តគ្នាទៅវិញទៅមក យើងមានគោលបំណងដើម្បីសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងឈានមុខគេក្នុងបច្ចេកវិទ្យានាពេលអនាគត»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





