ភូមិចំនួនបួនរបស់ចិនត្រូវបានដាក់ឈ្មោះជាភូមិទេសចរណ៍ល្អបំផុតដោយទេសចរណ៍អង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ -- ភូមិចំនួនបួននៅក្នុងប្រទេសចិនត្រូវបានផ្តល់កិត្តិយសជាភូមិទេសចរណ៍ល្អបំផុតដោយអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UN Tourism) នៅក្នុងពិធីប្រគល់ពានរង្វាន់មួយដែលធ្វើឡើងនៅទីក្រុងហ៊ូចូវ ខេត្តជេជាំង នៅភាគខាងកើតប្រទេសចិនកាលពីពេលថ្មីៗនេះ។
ភូមិដែលទទួលបានពានរង្វាន់នោះ គឺភូមិហ័ងកាង នៅក្នុងតំបន់ស្វយ័តគៀនដុងណានមីអៅ និងដុង នៃខេត្តគុយចូវ ភូមិជីកាយី ក្នុងតំបន់ស្វយ័តហ្កាហ្សេទីបេនៃខេត្តស៊ីឈ័ន ភូមិដុងលូ នៅទីក្រុងតៃជូ នៃខេត្តជាំងស៊ូ និងភូមិឌីកាង នៅទីក្រុងហ៊ូចូវ នៃខេត្តហ្សេជាំង។
ដោយត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គំនិតផ្តួចផ្តើមភូមិទេសចរណ៍ល្អបំផុតដោយអង្គការទេសចរណ៍ពិភពលោកអង្គការសហប្រជាជាតិ បានផ្តល់កិត្តិយសដល់គោលដៅជនបទជុំវិញពិភពលោកដែលឈានមុខគេក្នុងការថែរក្សាទេសភាព ភាពចម្រុះនៃវប្បធម៌ គុណតម្លៃក្នុងតំបន់ និងប្រពៃណីធ្វើម្ហូបអាហារ។ រហូតមកដល់ពេលនេះ ភូមិចំនួន២៣៦ មកពីប្រទេសចំនួន៥៧ ត្រូវបានទទួលស្គាល់ថាជាភូមិទេសចរណ៍ល្អបំផុតដោយអង្គការទេសចរណ៍អង្គការសហប្រជាជាតិ។
អគ្គលេខាធិការអង្គការទេសចរណ៍អង្គការសហប្រជាជាតិ លោក ហ្ស៊ូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) បាននិយាយថា «ភូមិទេសចរណ៍ល្អបំផុតចំនួន១៩ ដែលប្រទេសចិនមាន បានបង្ហាញពីការត្រៀមខ្លួន និងភាពសម្បូរបែបនៃភូមិចិនជាគោលដៅ។ ភូមិទាំងអស់នោះសុទ្ធតែមានវប្បធម៌ និងប្រពៃណីប្លែកៗ»។
ពីជ្រលងភ្នំនៃភាគនិរតីនៃប្រទេសចិនទៅកាន់ទីក្រុងទឹកនៃដីសណ្តទន្លេយ៉ង់សេ ភូមិដែលបានទទួលពានរង្វាន់ថ្មីចំនួន៤ បានបង្ហាញពីទេសភាពធម្មជាតិចម្រុះរបស់ប្រទេស និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃកិច្ចខិតខំប្រឹងប្រែងស្តារជនបទឡើងវិញរបស់ប្រទេសចិន។
លោក ប៉ូឡូលីកាស់វីលី បានសង្កត់ធ្ងន់ថា គោលដៅសំខាន់បំផុតនៃការបង្កើតគំនិតផ្តួចផ្តើមភូមិទេសចរណ៍ល្អបំផុត គឺការកាត់បន្ថយភាពក្រីក្រ។លោកបានបន្តថា «ប្រហែល ៨០% នៃអ្នកក្ររបស់ពិភពលោករស់នៅតាមតំបន់ជនបទ។ តាមរយៈការទទួលស្គាល់ភូមិជាគោលដៅទេសចរណ៍ កម្មវិធីនេះនឹងបង្កើតឱកាសការងារ និងជួយដល់ក្រុមគ្រួសារនៅតាមសហគមន៍ជនបទដើម្បីបង្កើនប្រាក់ចំណូល៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





