សិស្សានុសិស្សជិត ២៣៤.០០០នាក់ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៣០០ BGN
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ -- យោងតាមមជ្ឈមណ្ឌលសារព័ត៌មានរបស់ក្រសួងគោលនយោបាយការងារ និងសង្គមរបស់ប្រទេសប៊ុលហ្គារី បានប្រកាសកាលពីពេលថ្មីៗនេះថា តាមរយៈទីភ្នាក់ងារជំនួយសង្គម ក្រសួងគោលនយោបាយការងារ និងសង្គមបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៣០០ BGN ដល់និស្សិតប្រមាណជិត ២៣៤.០០០នាក់នៅក្នុងថ្នាក់ទី១ ថ្នាក់ទី២ ថ្នាក់ទី៣ ថ្នាក់ទី៤ និងថ្នាក់ទី៨ ។
ជំនួយហិរញ្ញវត្ថុនោះត្រូវបង់ជាពីរដំណាក់កាលនៃចំនួន ១៥០ BGN ម្តង។ ការផ្តល់ជូនលើកទីមួយ នឹងទទួលបានបន្ទាប់ពីការដាក់ពាក្យ ហើយការផ្តល់ជូនលើកទីពីរ គឺនឹងចាប់ផ្តើមនៅឆមាសទីពីរ សម្រាប់កុមារដែលបានចូលរៀនជាទៀងទាត់។ ជំនួយនេះត្រូវបានផ្តល់ដល់កុមារទាំងអស់នៅថ្នាក់ទីមួយ ទីពីរ ទីបី ទីបួន និងទីប្រាំបី នៅក្នុងសាលារដ្ឋ និងសាលាឯកជនដោយមិនគិតពីប្រាក់ចំណូលរបស់គ្រួសារពួកគេ។
ក្រសួងបានប្រកាសថា ទីភ្នាក់ងារជំនួយសង្គមនៅតែបន្តទទួលយកពាក្យស្នើសុំជំនួយកំដៅផ្ទះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ សេចក្តីប្រកាសនោះបាននិយាយថា បរិមាណជំនួយសម្រាប់រដូវរដូវរងាខាងមុខនេះចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ គឺ ៩,៦% ច្រើនជាងឆ្នាំមុន ឬមានចំនួន ៦០៦,៧១ BGN។ ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំដោយផ្ទាល់នៅនាយកដ្ឋានជំនួយសង្គមតាមរយៈប្រតិបត្តិករប្រៃសណីយ៍ដែលមានអាជ្ញាប័ណ្ណ ដោយមានហត្ថលេខាអេឡិចត្រូនិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងស្របតាមច្បាប់អភិបាលកិច្ចអេឡិចត្រូនិក។
រដ្ឋមន្ត្រីគោលនយោបាយសង្គម លោក បូរីស្លាវ ហ្គូតសាណូវ (Borislav Gutsanov) បាននិយាយនៅពេលចាប់ផ្តើមដាក់ពាក្យថា ជំនួយកំដៅផ្ទះប្រចាំខែនេះនឹងមានចំនួន ១២១,៣៤ BGN៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BTA)





