បញ្ចស៊ីឡាត់កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងជាមេដាយទី១ ក្នុងការប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥--កីឡាករបញ្ចសីឡាត់កម្ពុជា ភុក ដានីញែល ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង បន្ទាប់ពីបានប្រកួតចាញ់កីឡាករជម្រើសជាតិឥណ្ឌូណេស៊ី Habbil Furgon Winata ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើវិញ្ញាសាប្រយុទ្ធបុរស Class D over 51kg-55 kg ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។

នេះជាមេដាយទី១របស់កម្ពុជា ក្នុងចំណោម១៤ប្រភេទកីឡាដែលកំពុងដំណើរការប្រកួតនៅប្រភេទកីឡាមួយចំនួន ខណៈប្រភេទកីឡាមួយចំនួនទៀតមិនទាន់ដំណើរប្រកួតនៅឡើយ។ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ត្រូវដំណើរការប្រកួតជាផ្លូវការពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខណៈប្រភេទកីឡាមួយចំនួនត្រូវប្រកួតជម្រុះមុនកាលបរិច្ឆេតខាងលើនេះ។ ប្រភេទកីឡាបញ្ចស៊ីឡាត់កម្ពុជាបានចូលរួមប្រកួតមុនគេ ខណៈប្រភេទកីឡាមួយចំនួនទៀតកំពុងចាកចេញ និងត្រៀមចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសបារ៉ែន ក្នុងចន្លោះពីថ្ងៃទី២៣ដល់ថ្ងៃ២៦ ខែតុលាខាងមុនេះ។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីវ័យក្មេងក្រោម១៨ឆ្នាំ សរុប ១២៨នាក់លើ១៤ប្រភេទកីឡា ខណៈថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ជំរុញឱ្យអត្តពលិកវ័យក្មេងទាំងអស់ប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមឱ្យបាននូវលទ្ធផលល្អជូនជាតិ។ ជាមួយគ្នានេះថ្នាក់ដឹកនាំក៏បានជំរុញឱ្យគ្រូបង្វឹក កីឡាករ កីឡាការិនីវ័យក្មេងទាំងអស់យកការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ជាការប្រកួតពិសេស និងរក្សាឱ្យបាននូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈកីឡាឱ្យខ្ពស់ ដើម្បីទាក់ទាញប្រតិភូ អត្តពលិកវ័យក្មេងនៃ៤៥ប្រទេសក្នុងទ្វីបអាស៊ី ឆ្ពោះមកកម្ពុជា សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ បន្តវេន ការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ នាឆ្នាំ២០២៩ខាងមុខ៕



ដោយ ហេង ណាលីន





