កូរ៉េខាងជើង និងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការព្រៃឈើ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យព្រៃឈើក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា កូរ៉េខាងជើង និងរុស្ស៊ីបានចុះហត្ថលេខាលើពិធីសារនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃមុន បន្ទាប់ពីបានបើកកិច្ចប្រជុំនៃអនុគណៈកម្មាធិការព្រៃឈើរួមគ្នាមួយទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
របាយការណ៍បាននិយាយថា កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាលម្អិតអំពីរបៀប «ពង្រីក និងអភិវឌ្ឍន៍ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រៃឈើ»។
សម្រាប់កិច្ចប្រជុំនេះ គណៈប្រតិភូមកពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រុស្ស៊ី ដឹកនាំដោយ លោក គ្រីហ្គោរី ហ្គូសេវ (Grigory Gusev) អនុប្រធាននាយកដ្ឋានឧស្សាហកម្មឈើបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើង។
អនុគណៈកម្មាធិការព្រៃឈើបានដំណើរការអស់រយៈពេលជិត ៣ទសវត្សរ៍រវាងប្រទេសទាំងពីរ ដោយប្រទេសកូរ៉េខាងជើងបានបញ្ជូនអ្នកកាប់ឈើទៅកាន់ប្រទេសរុស្ស៊ីដើម្បីរកប្រាក់បរទេសចំពេលមានទណ្ឌកម្មអន្តរជាតិអូសបន្លាយ។
ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីខែមេសាថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនកម្មករប្រហែល ១៥.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី។
ប្រទេសកូរ៉េខាងជើងបានបញ្ជូនកម្មករទៅក្រៅប្រទេស រួមទាំងទៅកាន់ប្រទេសរុស្ស៊ី ចិន ម៉ុងហ្គោលី និងទ្វីបអាហ្វ្រិក ដើម្បីរកប្រាក់កម្រៃដោយរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





