ប៉ាគីស្ថានប៉ាន់ស្មានការខូចខាតដោយទឹកជំនន់ចំនួន ២,៩ប៊ីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងផែនការ អភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមពិសេសរបស់ប្រទេសប៉ាគីស្ថាន លោក អាហ៍សាន អ៊ីកបាល់ (Ahsan Iqbal) បាននិយាយថា ប្រទេសប៉ាគីស្ថានបានទទួលរងការខូចខាតប៉ាន់ស្មានប្រហែល ២,៩ប៊ីលានដុល្លារអាម៉េរិកពីទឹកជំនន់នាពេលថ្មីៗនេះ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅទូទាំងប្រទេស។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដើម្បីចាប់ផ្តើមការអភិវឌ្ឍប្រចាំខែរបស់ក្រសួង និងរបាយការណ៍វាយតម្លៃការខូចខាតទឹកជំនន់បឋម លោក អ៊ីកបាល់ បាននិយាយថា ការអនុវត្តនៃការវាយតម្លៃតម្រូវការក្រោយគ្រោះមហន្តរាយកំពុងដំណើរការ ដើម្បីកំណត់ការខាតបង់សេដ្ឋកិច្ចពិតប្រាកដដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ។
លោកបាននិយាយថា ការប៉ាន់ប្រមាណដំបូងនៃការខូចខាតមានចំនួនប្រហែល ៨២២ប៊ីលានរូពី (ប្រហែល ២,៩ប៊ីលានដុល្លារអាម៉េរិក) រួមទាំង ៤៣០ប៊ីលានរូពី (ប្រហែល ១,៥៣ប៊ីលានដុល្លារអាម៉េរិក) ក្នុងវិស័យកសិកម្ម និង ៣០៧ប៊ីលានរូពី (ប្រហែល ១,១ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ។ លោកបានបន្ដថា ទឹកជំនន់ក៏បានបំផ្លាញផ្ទះប្រហែល ២២៩.០០០ខ្នង នៅទូទាំងប្រទេសផងដែរ។
លោកបានបន្ថែមថា ផ្លូវប្រមាណ ២,៨១១គីឡូម៉ែត្រ ស្ពាន ៧៩០កន្លែង អគារសាធារណៈ ១២៩កន្លែង គ្រឹះស្ថានអប់រំ ២.២៦៧កន្លែង ទីតាំងសុខាភិបាល ២៤៣កន្លែង តំបន់ពាណិជ្ជកម្ម ១២៩៧កន្លែង និងហេដ្ឋារចនាសម្ព័ន្ធទឹក ៨៦កន្លែង រួមទាំងប្រព័ន្ធទឹក ប្រភព និងអាងស្តុកទឹក ក៏ត្រូវបានខូចខាតផងដែរ។
លោក អ៊ីកបាល់ បាននិយាយថា ការប៉ាន់ស្មានបឋមនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដែលកំពុងបន្តរបស់រដ្ឋាភិបាល ដោយផ្តោតលើការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការស្តារជីវភាពរស់នៅ និងការពង្រឹងភាពធន់នឹងគ្រោះមហន្តរាយដែលបង្កឡើងដោយអាកាសធាតុនាពេលអនាគត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





