នាយករដ្ឋមន្ត្រីថៃសន្យាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អានូទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) បាននិយាយថា រដ្ឋាភិបាលថ្មីនឹងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន។
លោក អានូទីន បានធ្វើការកត់សម្គាល់នេះក្នុងពេលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសថៃ លោក ហ្សាង ចៀនវៃ (Zhang Jianwei)។
លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការអភិវឌ្ឍទំនាក់ទំនងថៃ-ចិន ដោយលោកបានកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលថ្មីនឹងធ្វើការដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងការរឹតចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។
លោក ហ្សាង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក បង្កើនការសម្របសម្រួលពហុភាគី និងសម្រេចបាននូវវឌ្ឍនភាពថ្មីក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នារវាងប្រទេសចិន និងថៃ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





