អ៊ីស្រាអែលវាយប្រហារទីក្រុងរ៉ាហ្វានៅតំបន់ហ្គាហ្សាភាគខាងត្បូង ជាការឆ្លើយតបនឹងការវាយប្រហារលើកងកម្លាំងការពារអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- កាសែត Times of Israel បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប ដែលជាការសងសឹកចំពោះការវាយប្រហារទៅលើកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងតំបន់នោះ។
ការរាយការណ៍នោះបាននិយាយថា ពួកសកម្មប្រយុទ្ធមកពីតំបន់ហ្គាហ្សាស្ទ្រីបបានបើកការវាយប្រហារជាលើកដំបូងទៅលើកងកម្លាំងអ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា។
កិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងចលនាប៉ាឡេស្ទីនហាម៉ាស់ បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសអ្នកធានានៃកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា អំពីការរំលោភបទឈប់បាញ់ដោយក្រុមហាម៉ាស់។ ចលនាហាម៉ាស់ប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យបាននិយាយថា ខ្លួនបានច្រានចោល និងបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិកពីការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





