ប្រេស៊ីលកំពុងស្វែងរកការកសាងសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយថា ប្រទេសប្រេស៊ីលមានបំណងបង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្ត្រជាមួយប្រទេសឥណ្ឌា ដែលគ្របដណ្តប់លើវិស័យនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។
លោក លូឡា បាននិយាយនៅក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមអ៊ិច (X) កាលពីចុងសប្តាហ៍មុនថា «សម្រាប់ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតី លោក ហ្គេរ៉ាល់ដូ អាឡាកមីន (Geraldo Alckmin) ទៅកាន់ប្រទេសឥណ្ឌា ក្នុងការរៀបចំសម្រាប់ការធ្វើដំណើររបស់ខ្ញុំនៅដើមឆ្នាំក្រោយ គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះឥណ្ឌាមានទីផ្សារពិសេស។ យើងអាចមានសម្ព័ន្ធភាពដ៏អស្ចារ្យជាមួយឥណ្ឌា ដូចជានយោបាយ លំហ សហគ្រិន សេដ្ឋកិច្ច។ ដូច្នេះ យើងនឹងបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយឥណ្ឌា និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រេស៊ីល»។
លោកបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោក អាឡាកមីន គឺសំដៅពង្រីកទំនាក់ទំនងអាជីវកម្ម ចាប់តាំងពីសហគ្រិនប្រេស៊ីលជាច្រើនចង់ចូលទៅក្នុងទីផ្សារឥណ្ឌា។ លោក លូឡា បានបន្ថែមថា លោក អាឡាកមីន បានត្រលប់មកពីប្រទេសឥណ្ឌាវិញជាមួយនឹងព័ត៌មានជាច្រើន រួមទាំងការបើកការិយាល័យ Embraer និងការណែនាំអំពីទិដ្ឋាការអេឡិចត្រូនិច ដើម្បីសម្រួលដល់អាជីវកម្ម និងភាពជាដៃគូថ្មី៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





