កម្លាំងការងារដែលមានគុណភាពខ្ពស់គឺជាកត្តាជំរុញដ៏សំខាន់នៃការផ្លាស់ប្តូរថាមពលប្រកបដោយចីរភាពរបស់អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- ក្រុមអ្នកជំនាញក្នុងវេទិកាធុរកិច្ចថាមពលអាស៊ាន (AEBF-25) ដែលបានធ្វើឡើងនៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បាននិយាយថា ការអប់រំ និងការបណ្តុះបណ្តាលដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំទាំងអ្នកមានទេពកោសល្យថ្មី និងអ្នកដែលមានស្រាប់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។
ថ្លែងនៅឯសាកលវិទ្យាល័យជាតិតេណាហ្គា (UNITEN) លោកស្រីបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់ សារ៉ាស្វាធី ស្សាមីនី គូណាសេការ៉ាន់ (Saraswathy Shamini Gunasekaran) បាននិយាយថា មនុស្សរួមជាមួយនឹងបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ បង្កើតបានជាកត្តាសំខាន់បីដែលជំរុញដល់ការផ្លាស់ប្តូរថាមពលរបស់អាស៊ាន។
លោកស្រីបាននិយាយនៅក្នុងកម្មវិធីផ្លាស់ប្តូរកម្លាំងការងារ និងការចូលរួមរបស់យុវជនក្នុងការផ្លាស់ប្តូរថាមពលដោយសមធម៌ និងបរិយាប័ន្ន នៅក្នុងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២៥ (AEBF-25) កាលពីសប្តាហ៍មុនថា ការអប់រំនឹងផ្តោតសំខាន់ទៅលើនិស្សិតដែលបញ្ចប់ការសិក្សាវ័យក្មេង ហើយនៅពេលនិយាយអំពីការបណ្តុះបណ្តាល គឺនិយាយអំពីការបង្កើនសមត្ថភាព និងជំនាញដល់កម្លាំងការងារបច្ចុប្បន្ន។ ដូច្នេះហើយ ទេពកោសល្យដែលមានស្រាប់នៅក្នុងឧស្សាហកម្មថាមពលនឹងមិនត្រូវបានគេបំភ្លេចឡើយ។
លោកស្រីបានសង្កត់ធ្ងន់ថា ការវិនិយោគលើធនធានមនុស្សតាមរយៈការរៀនសូត្រជាបន្តបន្ទាប់នឹងមានសារៈសំខាន់ក្នុងការធានាថា កម្លាំងការងារនៅតែមានភាពពាក់ព័ន្ធ និងមានភាពធន់នឹងការប្រឈមមុខនឹងការរំខានផ្នែកបច្ចេកវិទ្យា។
នៅក្នុងកិច្ចពិភាក្សានេះ លោកស្រី សារ៉ាស្វាធី បាននិយាយថា សិស្សានុសិស្សត្រូវបានភ្ជាប់ទៅនឹងគម្រោងស្រាវជ្រាវនានា និងប្រឹក្សាយោបល់ជាមួយដៃគូឧស្សាហកម្ម ដោយជួយពួកគេឱ្យយល់ថា ការផ្លាស់ប្តូរថាមពលគឺពិតប្រាកដ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពធន់នឹងអាកាសធាតុ។
លោកស្រីបានកត់សម្គាល់ថា នៅពេលដែលយុវជនបានឃើញពីផលប៉ះពាល់ជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពល ពួកគេមានទំនោរបង្កើតស្មារតីទទួលខុសត្រូវ និងទំនុកចិត្តកាន់តែខ្លាំងដើម្បីចូលរួមជាមួយកម្លាំងពលកម្មបៃតង។ ស្ថាប័នអប់រំដូចជាសាកលវិទ្យាល័យ UNITEN ត្រូវបានគេនិយាយថានឹងលើកទឹកចិត្តនិស្សិតឱ្យចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដែលអនុវត្តការវិភាគទិន្នន័យដើម្បីបង្កើនប្រព័ន្ធបណ្តាញថាមពល និងជួយពួកគេក្នុងការរៀបចំឱ្យបានកាន់តែប្រសើរឡើងសម្រាប់តួនាទីនាពេលអនាគតនៅក្នុងសេដ្ឋកិច្ចកាបូនទាប៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





