តំបន់អាស៊ាន និងម៉ិកស៊ិកូ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា អប់រំ និងទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- គណៈប្រតិភូនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងម៉ិកស៊ិកូ (ACMC) ដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកូ លោក ង្វៀន វ៉ាន់ហៃ (Nguyen Van Hai) ដែលបច្ចុប្បន្នជាប្រធាន ACMC បានទៅបំពេញទស្សនកិច្ចការងារកាលពីសប្តាហ៍មុននៅខេត្តចាលីស្កូ ដែលជាខេត្តឈានមុខគេមួយរបស់ប្រទេសម៉ិកស៊ិកូនៅក្នុងកំណើនសេដ្ឋកិច្ច បច្ចេកវិទ្យា និងនវានុវត្តន៍។
គណៈប្រតិភូដែលរួមមានឯកអគ្គរដ្ឋទូតវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានជួបជាមួយអភិបាលខេត្ត លោក ជេស៊ុស ប៉ាប្លូ ឡេមុស ណាវ៉ារ៉ូ (Jesús Pablo Lemus Navarro) សមាជិកគណៈរដ្ឋមន្ត្រីខេត្ត អភិបាលក្រុងហ្សាប៉ូប៉ាន់ លោក ជូន ចូសេ ហ្រ្វេនគី (Juan José Frangie) តំណាងក្រុមប្រឹក្សាធុរកិច្ចម៉ិកស៊ិកូសម្រាប់ពាណិជ្ជកម្មបរទេស ការវិនិយោគ និងបច្ចេកវិទ្យា (COMCE) និងបានទៅទស្សនាមជ្ឈមណ្ឌលនវានុវត្តន៍ជាតិនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (CONACT)។
នៅក្នុងជំនួបជាមួយអភិបាលខេត្ត លោក ណាវ៉ារ៉ូ លោកឯកអគ្គរដ្ឋទូត ហៃ បានពណ៌នាអំពីអាស៊ានថា ជាសហគមន៍ដ៏ស្វាហាប់ដែលមានប្រជាជនជាង ៦៧០លាននាក់ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ជិត ៤ពាន់ពាន់លានដុល្លារអាម៉េរិក ដែលធ្វើឱ្យវាក្លាយជាតំបន់សេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភពលោក។
លោកបានស្វាគមន៍ចំពោះការត្រៀមខ្លួនជាបន្តរបស់ប្រទេសម៉ិកស៊ិកូក្នុងការអនុម័តសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយហៅវាថាជាជំហានយុទ្ធសាស្ត្រឆ្ពោះទៅរកការពង្រឹងការចូលរួមជាមួយតំបន់។
អ្នកការទូតវៀតណាមរូបនោះបានសង្កត់ធ្ងន់ថា ខេត្តចាលីស្កូបង្កប់នូវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ តម្លៃដែលស្របតាមចក្ខុវិស័យរបស់អាស៊ាន ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់អាស៊ានក្នុងការកសាងស្ពានថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយខេត្តនេះក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន។
អភិបាលខេត្ត លោក ណាវ៉ារ៉ូ បានសាទរចំពោះដំណើរទស្សនកិច្ចនេះថាជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តចាលីស្កូ និងតំបន់អាស៊ាន ដែលមានភាព «វ័យក្មេង ស្វាហាប់ និងមានមហិច្ឆតា» ដោយលោកបានបញ្ជាក់ថា ខេត្តនេះបើកចំហចំពោះគម្រោងវិនិយោគ និងការផ្លាស់ប្តូរចំណេះដឹងជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍។
មន្ត្រីនៃខេត្តចាលីស្កូ បានកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់អាស៊ាន និងសមាហរណកម្មក្នុងតំបន់ ដោយចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការដែលម៉ិកស៊ិកូអាចរៀនសូត្របាន ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ខ្លួននៅតំបន់អាមេរិកឡាទីន និងអាម៉េរិក។
អគ្គលេខាធិការខេត្តចាលីស្កូ លោក សាល់វ៉ាដូរ ហ្សាម៉ូរ៉ា ហ្សាម៉ូរ៉ា (Salvador Zamora Zamora) បានកត់សម្គាល់ពីឥទ្ធិពលដែលកំពុងកើនឡើងរបស់អាស៊ាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយបានបន្ថែមថា ពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយអាស៊ាននឹងបង្កើតឱកាសនាំចេញ និងវិនិយោគថ្មី ចំពេលដែលកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មរបស់ម៉ិកស៊ិកូ។ ពួកគេបានលើកឡើងពីសក្តានុពលរបស់ខេត្តចាលីស្កូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការផលិតបច្ចេកវិទ្យាខ្ពស់ ឱសថ ទេសចរណ៍វេជ្ជសាស្រ្ត ឧស្សាហកម្មច្នៃប្រឌិត ទេសចរណ៍ និងវប្បធម៌៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





