អាស៊ានពង្រឹងការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរថាមពល និងនិរន្តរភាព
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤៣ (AMEM-43) និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបញ្ចប់ប្រកបដោយជោគជ័យ ដែលផ្តល់លទ្ធផលសំខាន់ៗដែលជួយពង្រឹងដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យសន្តិសុខថាមពល និងហិរញ្ញវត្ថុប្រកបដោយចីរភាព។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ហ្វាឌីលឡា យូសូហ្វ (Fadillah Yusof) ដែលជារដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរថាមពល និងការផ្លាស់ប្តូរទឹក បាននិយាយថា ទាំងនេះរួមបញ្ចូលទាំងការព្រមព្រៀងទៅលើអនុស្សរណៈនៃការយោគយល់គ្នាដែលប្រសើរឡើង ស្តីពីបណ្តាញថាមពលអាស៊ាន (APG)។
លោកបាននិយាយថា កិច្ចការងារផ្សេងទៀត គឺជាការព្រមព្រៀងទៅលើផែនការសកម្មភាពអាស៊ានថ្មីសម្រាប់កិច្ចសហប្រតិបត្តិការថាមពល (APAEC) ឆ្នាំ២០២៦-២០៣០ ដែលនឹងក្លាយជាផែនទីបង្ហាញផ្លូវរបស់តំបន់នេះសម្រាប់រយៈពេល ០៥ឆ្នាំខាងមុខ និងការព្រមព្រៀងទៅលើកិច្ចព្រមព្រៀងសន្តិសុខប្រេងអាស៊ាន (APSA) ។
លោក ហ្វាឌីលឡា បាននិយាយថា ការផ្តល់ជំនួយសេដ្ឋកិច្ចជាអាទិភាពផ្សេងទៀត (PED) និងគំនិតផ្តួចផ្តើមសំខាន់ៗដែលសម្រេចបានក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMEM-43 គឺជាការចាប់ផ្តើមនៃគំនិតផ្តួចផ្តើមហិរញ្ញប្បទានបណ្តាញថាមពលអាស៊ាន (APG) ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB) ហើយក៏សម្រេចបានផងដែរនូវផែនទីបង្ហាញផ្លូវនៃថាមពលកកើតឡើងវិញរយៈពេលវែង។
លោក ហ្វាឌីលឡា បាននិយាយថា ផលប័ត្រថាមពលកកើតឡើងវិញរបស់អាស៊ានបានបន្តកើនឡើងដោយឈានដល់ ៣៣,៥% នៃសមត្ថភាពដំឡើង និង ១៤% នៃការផ្គត់ផ្គង់ថាមពលបឋមសរុបក្នុងឆ្នាំ២០២៣ ដែលឈានទៅជិតដល់គោលដៅសម្រាប់ឆ្នាំ២០២៥ ក្នុងកម្រិត ៣៥% និង ២៣% រៀងៗគ្នា។
ក្នុងរយៈពេលខាងមុខ អាស៊ានមានបំណងបង្កើនចំណែកនៃថាមពលកកើតឡើងវិញឱ្យបានយ៉ាងហោចណាស់ ៤០% នៅត្រឹមឆ្នាំ២០៣០ ពង្រីកការអនុវត្តបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងបណ្តាញថាមពល និងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុជាមួយអង្គការពិភពលោក ដូចជាធនាគារ ADB អាស៊ី ធនាគារ WB ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) ជាដើម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





