លោក ត្រាំ និងលោក ហ្សេលេនស្គី មិនយល់ស្របទៅលើអនាគតនៃជម្លោះអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) មិនយល់ស្របទៅលើអនាគតនៃជម្លោះអ៊ុយក្រែននោះទេ។
ប្រភពបានពណ៌នាអំពីកិច្ចប្រជុំនៅសេតវិមានរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ថាជា «កិច្ចពិភាក្សាដ៏តានតឹង ស្មោះត្រង់ និងជាកិច្ចពិភាក្សាដែលមិនងាយស្រួលនោះទេ»។
ប្រព័ន្ធផ្សព្វផ្សាយបានកត់សម្គាល់ថា «លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក ហ្សេលេនស្គី នៅក្នុងការសន្ទនាដោយផ្ទាល់ និងស្មោះត្រង់ថា សម្រាប់ពេលនេះ មេដឹកនាំអ៊ុយក្រែននឹងមិនទទួលបានគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ។
ប្រភពមួយបានចង្អុលបង្ហាញថា «លោក ត្រាំ ស្ថិតនៅក្រោមការចាប់អារម្មណ៍ថា អ៊ុយក្រែនកំពុងស្វែងរកការកើនឡើង និងអូសបន្លាយជម្លោះ»។
គេហទំព័រសារព័ត៌មាន Axios បានរាយការណ៍នៅពេលមុននេះដោយដកស្រង់ពីប្រភពរបស់ខ្លួនថា លោក ត្រាំ បានប្រាប់ទៅលោក ហ្សេលេនស្គី ថា បច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោនមិនមានគម្រោងផ្តល់គ្រាប់មីស៊ីល Tomahawk ដល់អ៊ុយក្រែនទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា «លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាទិភាពរបស់លោកឥឡូវនេះ គឺកិច្ចការងារការទូត ហើយលោកគិតថា ការផ្តល់គ្រាប់មីស៊ីល Tomahawks អាចបំផ្លាញវាបាន»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





