អាស៊ាន និងអាម៉េរិកពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ -- វេទិកាកិច្ចសហប្រតិបត្តិការអាស៊ាន-អាម៉េរិក ស្តីពីបញ្ញាសិប្បនិម្មិត (AI) ត្រូវបានប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាពេលថ្មីៗនេះ ដោយបានប្រមូលផ្តុំគណៈប្រតិភូជាង ១០០នាក់ ដើម្បីចែករំលែកនូវចក្ខុវិស័យ និងស្នើឡើងនូវវិធានការជាក់លាក់សម្រាប់ការពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ AI នៅទូទាំងតំបន់អាស៊ាន។
ឯកអគ្គរដ្ឋទូតវៀតណាម លោក ង្វៀន ឌុកឌុង (Nguyen Quoc Dung) បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍នាពេលនេះ គឺជាកត្តាជំរុញដ៏សំខាន់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក ខណៈដែលសហរដ្ឋអាមេរិកនាំមុខគេក្នុងវិស័យ AI ធនធានមនុស្សដ៏ប៉ិនប្រសប់របស់អាស៊ាននឹងធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលសម្រាប់នវានុវត្តន៍។
អ្នកចូលរួមបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ AI ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពផ្តោតទៅលើការកសាងសង្គមឆ្លាតវៃ សុវត្ថិភាព និងបរិយាប័ន្ន។ សមាជិកសភា និងមេដឹកនាំរដ្ឋាភិបាលអាម៉េរិកបានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់អាស៊ាន ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេក្នុងការជួយដល់ការអភិវឌ្ឍស្ថាប័ន និងលើកទឹកចិត្តឱ្យធុរកិច្ចអាម៉េរិកវិនិយោគក្នុងទីផ្សារក្នុងតំបន់សំខាន់ៗ ដូចជាវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។
សម្រាប់ជំហាននាពេលអនាគត គណៈប្រតិភូបានឯកភាពថា កិច្ចសហប្រតិបត្តិការអាស៊ាន-អាម៉េរិកគួរតែផ្តោតសំខាន់ទៅលើការរួមគ្នាបង្កើតប្រព័ន្ធ AI ដោយបើកចំហ សុវត្ថិភាព និងនិរន្តរភាព ដោយតម្រូវឱ្យមានតួនាទីបំពេញបន្ថែមពីរដ្ឋាភិបាល នីតិបញ្ញត្តិ សហគ្រាស និងស្ថាប័នស្រាវជ្រាវក្នុងគោលនយោបាយ ការបណ្តុះបណ្តាលកម្លាំងពលកម្ម និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ តំណាងឧស្សាហកម្មបានផ្តល់អនុសាសន៍ថា បណ្តាប្រទេសនៅអាស៊ានត្រូវបង្កើនការផ្គត់ផ្គង់ថាមពលរបស់ខ្លួន អភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងកែលម្អក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីបង្ហាញនូវសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយក្រុមហ៊ុនអាម៉េរិក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





