នាយករដ្ឋមន្ត្រីចិនជួបជាមួយប្រធានាធិបតីហ្គាណា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបជាមួយប្រធានាធិបតីហ្គាណា លោក ចន ដ្រាម៉ានី ម៉ាហាម៉ា (John Dramani Mahama) នៅក្នុងទីក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំមេដឹកនាំសកលស្តីពីស្ត្រី។
លោក លី បាននិយាយថា ប្រទេសចិន និងហ្គាណាបានបង្កើនទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំមុន ដោយបានបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសហ្គាណាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសចិនមានឆន្ទៈជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ជាមួយប្រទេសហ្គាណា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម នេសាទ និងថាមពល និងជំរុញការផ្លាស់ប្តូរក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងសុខភាព។
លោក ម៉ាហាម៉ា បានអបអរសាទរប្រទេសចិនចំពោះជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេដឹកនាំពិភពលោកស្តីពីស្ត្រី ដោយសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រ និងជំនួយរយៈពេលវែងរបស់ប្រទេសចិនចំពោះប្រទេសហ្គាណា និងបានសរសើរគោលនយោបាយគ្មានពន្ធរបស់ប្រទេសចិនសម្រាប់បណ្តាប្រទេសអាហ្វ្រិកដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន។
លោកបាននិយាយថា ប្រទេសហ្គាណាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិកម្ម និងការរុករករ៉ែហើយស្វែងរកកត្តាជំរុញកំណើនថ្មីក្នុងវិស័យដូចជាសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។
លោក ម៉ាហាម៉ា បានបន្ថែមថា ប្រទេសហ្គាណាគាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ហើយនឹងបន្តធ្វើការជាមួយប្រទេសចិន ដើម្បីគាំទ្រយ៉ាងម៉ឺងម៉ាត់នូវពហុភាគីនិយម និងការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





