រុស្ស៊ីត្រៀមបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់សហភាពអឺរ៉ុបប្រសិនបើមានការស្នើសុំ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក អាឡិចសាន់ដឺ ណូវ៉ាក់ (Alexander Novak) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់សហភាពអឺរ៉ុបប្រសិនបើមានការស្នើសុំ។
ថ្លែងនៅក្នុងព័ត៌មានសប្ដាហ៍ថាមពលរុស្ស៊ី លោក ណូវ៉ាក់ បាននិយាយថា ការបដិសេធរបស់សហភាពអឺរ៉ុបចំពោះឧស្ម័នរុស្ស៊ីបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់។
លោកបានឆ្លើយតបនៅពេលដែលត្រូវបានសួរថាតើទីក្រុងម៉ូស្គូនឹងពិចារណាលើការបង្កើនការដឹកជញ្ជូនឧស្ម័នទៅកាន់សហភាពអឺរ៉ុបប្រសិនបើមានការស្នើសុំថា «ប្រទេសរុស្ស៊ីតែងតែរក្សាថាយើងត្រៀមខ្លួនជាស្រេចនិងបើកចំហសម្រាប់ការសន្ទនា»។
លោក ណូវ៉ាក់ បានបន្ថែមថា ប្រទេសរុស្ស៊ីតែងតែយល់ព្រមលើការផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់សហភាពអឺរ៉ុប ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ខ្លួនក្នុងអំឡុងរដូវស្លឹកឈើជ្រុះ និងរដូវរងា បើទោះបីជាវាមិនមានផលចំណេញខាងសេដ្ឋកិច្ចក៏ដោយ។
លោកបាននិយាយថា ការផ្គត់ផ្គង់ឧស្ម័នរបស់ប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបមានចំនួនប្រហែល ១៩% នៃការនាំចូលថាមពលរបស់សហភាពអឺរ៉ុបគឺធ្លាក់ចុះពីប្រហែល ៤៤% នៃការនាំចូលពីមុន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





