ប្រធានាធិបតីស៊ីរីអំពាវនាវឱ្យអន្តរជាតិគាំទ្រចំពោះការកសាងឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក អាម៉េដ អាល់-សារ៉ា (Ahmed Al-Shara) បាននិយាយថា ការកសាងជាតិឡើងវិញនឹងត្រូវការថវិកាចន្លោះពី ៦០០ពាន់លានដុល្លារអាម៉េរិក ទៅដល់ ៩០០ពាន់លានដុល្លារអាម៉េរិក ដែលទាមទារការគាំទ្រខ្លាំងពីសហគមន៍អន្តរជាតិ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS ក្នុងកម្មវិធី «៦០នាទី»លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ប្រទេសស៊ីរីបានឈានចូលដំណាក់កាលថ្មីបន្ទាប់ពីសង្រ្គាមជាច្រើនឆ្នាំ ហើយរដ្ឋាភិបាលរបស់លោកបានប្តេជ្ញាចិត្តក្នុងការកសាងរដ្ឋដោយផ្អែកលើយុត្តិធម៌ ភាពស្របច្បាប់ និងអធិបតេយ្យភាពពេញលេញ។
ក្នុងអំឡុងពេលដំណើរទេស្សនកិច្ចជាមួយក្រុមការងាររបស់បណ្តាញតាមរយៈក្រុងចូបារ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ប្រមុខរដ្ឋរូបនេះបានសោកស្តាយចំពោះទំហំនៃការខូចខាត និងរបួសផ្លូវចិត្តដែលជួបប្រទះដោយប្រជាជនទាំងមូលក្នុងរយៈពេលជាង ១៤ឆ្នាំនៃសង្រ្គាមកន្លងមក។
លោកបាននិយាយថា «ពិភពលោកមិនអាចបញ្ឈប់សោកនាដកម្មនេះបានទេ ប៉ុន្តែវាមានទំនួលខុសត្រូវក្នុងការគាំទ្រប្រទេសស៊ីរី» ខណៈដែលទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់ចេញកំពុងរារាំងដល់ដំណើរការកសាងឡើងវិញ។
ទាក់ទិននឹងស្ថានការណ៍ក្នុងតំបន់ លោកប្រធានាធិបតីបានបញ្ជាក់ថារដ្ឋាភិបាលរបស់លោកមិនមានបំណងចង់បង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ហើយបានបញ្ជាក់សារជាថ្មីថា ស៊ីរីមិនបានបង្ករឿងដល់អ៊ីស្រាអែលទេចាប់តាំងពីការផ្លាស់ប្តូរអំណាចនៅទីក្រុងដាម៉ាស់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





