លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចុះសួរសុខទុក្ខ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥-- លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារក្រសួង ចុះទៅសួរសុខទុក្ខ និងនាំយកនូវការលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ក្រុមគ្រូពេទ្យប្រចាំការ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ព្រំដែនដ៏សំខាន់។

ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ចំពោះសុខុមាលភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចការពារ និងចូលរួមកសាងសង្គមជាតិ។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យប្រចាំការ នៅមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារយ៉ាងសកម្ម ទាំងការផ្តល់សេវាថែទាំសុខភាពទូទៅ និងការត្រៀមលក្ខណៈជួយសង្គ្រោះប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ លោកជំទាវបានគូសបញ្ជាក់ថា "រាល់ការលះបង់ និងការខិតខំប្រឹងប្រែងរបស់បងប្អូនគ្រូពេទ្យទាំងអស់ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ បងប្អូនមិនត្រឹមតែជាអ្នកជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ តែជាកម្លាំងគាំទ្រដ៏សំខាន់បំផុតសម្រាប់សុខភាព និងកម្លាំងពលកម្មរបស់ បងប្អូនប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ ដែលបានរួមសាមគ្គីគ្នាក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវ។ ការបំពេញភារកិច្ចរបស់លោកអ្នកនៅតំបន់ព្រំដែន គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការធានាបាននូវសន្តិសុខ និងស្ថិរភាពសង្គមជាតិ"។

បន្ថែមពីលើការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ លោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយព្រំដែន ឱ្យបន្តការយកចិត្តទុកដាក់ ថែរក្សាសុខភាព ឱ្យបានល្អទាំងកាយសម្បទា និងអនាម័យ។ លោកជំទាវបានណែនាំយ៉ាងលម្អិតថា ការរស់នៅ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសការសម្អាតបរិស្ថានជុំវិញផ្ទះដើម្បីជៀសវាងជំងឺផ្សេងៗ។ ការហូបចុកត្រូវយកចិត្តទុកដាក់លើការបរិភោគទឹកស្អាត អាហារដែលឆ្អិនល្អ និងបន្លែផ្លែឈើដែលមានជីវជាតិ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងកម្លាំងកាយ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា "សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ មានតែសុខភាពល្អទេ ទើបបងប្អូនអាចបន្តចូលរួមកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យរីកចម្រើនបាន។ សូមបងប្អូនទាំងអស់បន្តសហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពរួម"។
ជាមួយគ្នានោះ ក្រុមការងារក្រសួងសុខាភិបាលក៏បាននាំយកអំណោយ និងសម្ភារបរិក្ខារពេទ្យមួយចំនួន ទៅផ្តល់ជូនក្រុមគ្រូពេទ្យប្រចាំការ និងប្រជាពលរដ្ឋ ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលដល់កិច្ចការងារថែទាំសុខភាពនៅមូលដ្ឋាននេះផងដែរ៕
ដោយ ឈុន សារ៉ាត





