លោក ដូណាល់ ត្រាំ កោតសរសើរចំពោះតួនាទីរបស់តួកគីក្នុងបទឈប់បាញ់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានកោតសរសើរចំពោះតួនាទីរបស់ប្រទេសតួកគី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ដោយបានពណ៌នាថា លោកប្រធានាធិបតី រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) គឺ«អស្ចារ្យ» ហើយលោកបានសង្កត់ធ្ងន់ទៅលើឥទ្ធិពលរបស់ទីក្រុងអង់ការ៉ានៅក្នុងតំបន់។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានដែលកំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាមុនពេលសន្និសីទសន្តិភាពអន្តរជាតិ ស្តីពីបទឈប់បាញ់នៅហ្គាហ្សា ថា «តួគីក៏អស្ចារ្យដែរ។ លោកប្រធានាធិបតី អឺដូហ្គែន ពិតជាអស្ចារ្យណាស់។ លោកពិតជាបានជួយច្រើនណាស់ ពីព្រោះលោកមានការគោរពណាស់។ លោកមានប្រទេសដែលមានថាមពលខ្លាំង»។
លោកក៏បាននិយាយផងដែរថា ប្រទេសកាតាក៏បានជួយនៅក្នុងកិច្ចព្រមព្រៀងនេះដែរ ដោយលោកបានហៅព្រះអង្គម្ចាស់នៃប្រទេសកាតាព្រះអង្គ អេមៀរ ស្សៀក តាមីម ប៊ីន ហាម៉ាដ អាល់ ថានី (Emir Sheikh Tamim bin Hamad Al Thani) ថាជា «បុរសដ៏អស្ចារ្យ»។
លោកប្រធានាធិបតីក៏បានរាយបញ្ជីប្រទេសមួយចំនួនទៀត ដែលបានដើរតួនាទីនៅក្នុងកិច្ចចរចាបទឈប់បាញ់គ្នានេះដែរ ដែលរួមមានប្រទេសអេមីរ៉ាត់អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ឥណ្ឌូណេស៊ី និងហ្ស៊កដានីជាដើម។
ការកត់សម្គាល់របស់លោក ត្រាំ ខាងលើននេះ បានធ្វើឡើងនៅពេលដែលលោកចាកចេញទៅកាន់ប្រទេសអ៊ីស្រាអែល ជាកន្លែងដែលលោកត្រូវបានគេរំពឹងថានឹងជួបជាមួយក្រុមគ្រួសារអ្នកជាប់ឃុំឃាំងអ៊ីស្រាអែលនិងថ្លែងទៅកាន់សភា Knesset របស់អ៊ីស្រាអែល។
ក្រោយមក លោកធ្វើដំណើរទៅកាន់ទីក្រុងស្សាមអ៊ែល-ស្សៀក របស់ប្រទេសអេហ្ស៊ីប ជាកន្លែងដែលលោកចូលរួមជាមួយមេដឹកនាំពិភពលោកដទៃទៀតនៅឯកិច្ចប្រជុំកំពូលសន្តិភាពស្សាមអ៊ែល-ស្សៀកកាលពីថ្ងៃចន្ទ។
កិច្ចប្រជុំកំពូលដែលដឹកនាំដោយលោក ត្រាំ និងប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតតាហ៍ អាល់-ស៊ីស៊ី (Abdel Fattah al-Sisi)ដោយមានគោលបំណងបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពដល់តំបន់មជ្ឈិមបូព៌ា និងដឹកនាំក្នុងដំណាក់កាលថ្មីនៃសន្តិសុខ និងស្ថិរភាពក្នុងតំបន់»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





