សិង្ហបុរី និងនូវែលហ្សេឡង់ ព្រមព្រៀងបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ -- ប្រទេសសិង្ហបុរី និងនូវែលហ្សឡង់ កាលពីពេលថ្មីៗនេះបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ខណៈដែលគូសផែនទីបង្ហាញផ្លូវដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងពាណិជ្ជកម្ម សន្តិសុខ នវានុវត្តន៍ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូត និងខួបលើកទី២៥ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់ពួកគេ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីនូវែលហ្សេឡង់ លោក គ្រីស្តូហ្វឺរ លូសុន (Christopher Luxon) នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrence Wong) បាននិយាយថា ចាប់តាំងពីការធ្វើឱ្យប្រសើរឡើងចុងក្រោយនៃទំនាក់ទំនងទ្វេភាគីនៅក្នុងឆ្នាំ២០១៩ មក ប្រទេសទាំងពីរបានបញ្ចប់ការផ្តួចផ្តើមគំនិតរួមគ្នាជាង៤០។ លោកបានសង្កត់ធ្ងន់ថា ការទទួលយកភាពជាដៃគូឱ្យកាន់តែខ្ពស់ នឹងជួយឱ្យភាគីទាំងពីរបន្តគម្រោងកាន់តែមានមហិច្ឆតា និងនវានុវត្តន៍បន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី វ៉ុង បានកត់សម្គាល់ថា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ប្រចាំឆ្នាំ បង្កើនការវិនិយោគ និងកិច្ចសហប្រតិបត្តិការទីផ្សារមូលធន ហើយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើសន្តិសុខស្បៀងអាហារ។ លោកបានបន្ថែមថា ភាគីទាំងពីរក៏បានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ទសវត្សរ៍ក្រោយតាមរយៈគំនិតផ្តួចផ្តើមរួមគ្នាចំនួន៧២ ផងដែរ។
មេដឹកនាំសិង្ហបុរីរូបនេះបានគូសបញ្ជាក់ថា ទិដ្ឋភាពសំខាន់មួយនៃ CSP គឺការលើកកម្ពស់អាទិភាពយុទ្ធសាស្ត្ររួម រួមទាំងការគាំទ្រដល់តំបន់ឱ្យបានកាន់តែទូលំទូលាយ ដោយការអនុវត្តរួមគ្នានូវកម្មវិធីកសាងសមត្ថភាពសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងក្របខណ្ឌ CSP ប្រទេសសិង្ហបុរី និងនូវែលហ្សេឡង់ក៏បានព្រមព្រៀងទទួលយកការរៀបចំរួមគ្នាទៅលើការផ្គត់ផ្គង់សំខាន់ៗ សំដៅកាត់បន្ថយផលប៉ះពាល់នៃការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងធានាថា ទំនិញសំខាន់ៗដូចជាអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យអាចបន្តបានសូម្បីតែក្នុងគ្រាមានវិបត្តិក៏ដោយ។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ភាគីទាំងពីរនឹងស្វែងរកផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ រួមទាំងបច្ចេកវិទ្យាគ្មានមនុស្សបើក។
យោងតាមផែនការ សិង្ហបុរីនឹងកាន់តំណែងជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៧ ខណៈដែលប្រទេសនូវែលហ្សេឡង់នឹងធ្វើជាប្រធានវេទិកាប្រជុំកោះប៉ាស៊ីហ្វិកក្នុងឆ្នាំដូចគ្នានោះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





