អាស៊ានត្រូវបានណែនាំឱ្យដើរហួសពីគំរូនៃការនាំចេញបែបប្រពៃណី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក លីវ ជីនតុង (Liew Chin Tong) បានអំពាវនាវឱ្យអាស៊ានដើរហួសពីគំរូនៃឧស្សាហូបនីយកម្មដែលដឹកនាំដោយការនាំចេញតាមបែបប្រពៃណី ដោយលោកបានបញ្ជាក់ថា វាលែងមាននិរន្តរភាពទៀតហើយនៅក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន។
ដូចដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី Bernama នៅឯកិច្ចប្រជុំកំពូលអាស៊ីអនាគត លោក លីវ បាននិយាយថា ដើម្បីឆ្ពោះទៅមុខ ប្លុកនេះគួរតែធ្វើការឆ្ពោះទៅរកការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ និងផ្តោតសំខាន់ទៅលើការរីកលូតលាស់ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់ខ្លួន។
លោកបាននិយាយក្នុងអំឡុងពេលនៃសម័យប្រជុំកំពូល ស្តីពីភូមិសាស្ត្រនយោបាយ ក្រោមប្រធានបទ ស្តីពីតួនាទីរបស់អាស៊ាននៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានោះថា «យើងអាចបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែលើសពីនោះ យើងត្រូវចាប់ផ្តើមមើលសហជីពគយ និងគោលនយោបាយឧស្សាហកម្ម»។
លោក លីវ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការសម្រាប់គោលជំហរអាស៊ានដែលសម្របសម្រួលទៅលើពន្ធអប្បបរមាសកល (GMT) ដើម្បីធានាថា អ្នកវិនិយោគយល់អំពីច្បាប់ពន្ធដែលនឹងត្រូវអនុវត្តស្មើៗគ្នានៅទូទាំងតំបន់ ដោយជៀសវាងការប្រណាំងប្រជែងក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។
លោក លីវ បានកត់សម្គាល់ថា ការរួមចំណែកពន្ធខ្ពស់ពីអ្នកវិនិយោគអាចជួយសង្គមពីបញ្ហាប្រឈមដោយក្រុមមនុស្សជំនាន់ហ្ស៊ី (Gen Z) ដូចជាប្រាក់ឈ្នួលធ្លាក់ចុះដែលនាំឱ្យមានការតវ៉ានៅក្នុងប្រទេសមួយចំនួនជាដើម។
លោកបាននិយាយថា គោលដៅចុងក្រោយ គឺដើម្បីកសាងវណ្ណៈកណ្តាលដែលមានទំហំធំទូលាយ និងធានាថា ប្រជាជនអាស៊ានក្លាយជាអ្នកមានមុនអាយុច្រើនជាងមុន។
លោកបានបន្ថែមថា «ប្រជាជនក្រីក្រចំនួន ៧០០លាននាក់មិនបានជួយបង្កើតទីផ្សារទេ។ ប៉ុន្តែប្រសិនបើយើងមានវណ្ណៈកណ្តាលចំនួន ៣០០លាននាក់ យើងនឹងក្លាយជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ខ្លួនយើង និងសម្រាប់អ្នកនាំចេញសហរដ្ឋអាមេរិក អឺរ៉ុប ឬចិន»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





