រដ្ឋមន្រ្តីទេសចរណ៍៖ កម្ពុជាស្វាគមន៍ និងបានត្រៀមខ្លួនជាស្រេចសម្រាប់ទទួលការហោះហើរត្រង់ និងផ្ទាល់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត
AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ -- ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍ និងបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ទទួលការហោះហើរត្រង់ និងផ្ទាល់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសនៃការជួបពិភាក្សាការងារជាមួយលោកស្រី Sarah Lotfi Lajam តំណាងក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines) ដើម្បីផ្លាស់ប្តូរយោបល់ពីការពង្រឹងកិច្ចសហការ និងការតភ្ជាប់ទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងអារ៉ាប៊ីសាអូឌីត នាទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កាទៅលើការពង្រីកការតភា្ជប់តាមផ្លូវអាកាសរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់គ្រប់ទិសទីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍កម្ពុជា វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវគម្រោងផែនការពង្រីកអាជីវកម្មរបស់ខ្លួនក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ជូនក្រុមហ៊ុនពីកិច្ចសហការគាំទ្ររបស់ក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍ដំណើរ Famtrip ដែលរៀបចំដោយក្រុមហ៊ុនមកព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា អាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudia Airlines) គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយ ដែលបានដឹកជញ្ជូនអ្នកដំណើរជាង ៣៥លាននាក់ទៅកាន់គោលដៅចំនួន១៤៨ ក្នុងប្រទេសចំនួន១៤០ ទាំងទ្វីបអឺរ៉ុប អាស៊ី អូសេអានី អាហ្រ្វិក និងអាម៉េរិក៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





