ក្រសួងបរិស្ថានជំរុញការអភិវឌ្ឍជីវភាពសហគមន៍នៅតំបន់ទេទឹកពុះ
AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ -- នៅក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីគម្រោងអភិវឌ្ឍន៍ជីវភាពសហគមន៍តំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តតំបន់ទេទឹកពុះ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ឯកឧត្តមបានថ្លែងថា ផែនការសកម្មភាពអភិវឌ្ឍន៍គោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ នឹងរៀបចំឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់ប្រជាសហគមន៍ និងសាធារណជន ធានាបាននូវការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ពីការងារអាទិភាពមួយចំនួន ដើម្បីពន្លឿនការរៀបចំនេះ ដែលរួមមាន
១- ការរៀបចំបោះបង្គោលព្រំកំណត់តំបន់ទេទឹកពុះ ដើម្បីធានាថា ទេទឹកពុះជាសម្បត្តិរដ្ឋ។ ២- ការបំពាក់អំពូលសូឡាជូនប្រជាពលរដ្ឋនៃសហគមន៍ជាង ៣០០គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍ ដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូន។ ៣- សិក្សាសក្តានុពលធម្មជាតិ ការរស់នៅ ជំនឿសាសនា និងម្ហូបអាហាររបស់ប្រជាពលរដ្ឋ ដើម្បីរៀបចំផែនការទាក់ទាញទេសចរណ៍មកកម្សាន្ត។ ៤- សិក្សាបង្កើតកន្លែងបណ្តុះបណ្តាលសហគមន៍ លើផ្នែកសេវាកម្មទេសចរណ៍ (ការចំអិនម្ហូប អ្នកនាំភ្ញៀវ និងសេវាដឹកជញ្ជូន)។ ៥- សិក្សាស្រាវជ្រាវបង្កើតកន្លែងកម្សាន្តបន្ថែមទៀត (ទឹកពុះ)។ ៦- សិក្សារៀបចំផ្ទះស្នាក់សហគមន៍សម្រាប់ភ្ញៀវទេសចរណ៍ មកលំហែកម្សាន្តដោយឥតគិតថ្លៃ។ ៧- សិក្សារៀបចំកន្លែងលក់ដូរជូនប្រជាសហគមន៍ រៀបចំកន្លែងគ្រប់គ្រងអនាម័យ និងបង្កើនភាពស្អាតនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានធ្វើការពន្លឿនរៀបចំអភិវឌ្ឍន៍តំបន់ទេទឹកពុះ ក្នុងគោលដៅឱ្យក្លាយជាគោលដៅលំហែបៃតង បម្រើឱ្យប្រយោជន៍សាធារណជន និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា និងឆ្ពោះទៅជាសហគមន៍អព្យាក្រឹតកាបូន។

គួរជម្រាបជូនថា ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០ អង្សាសេ និងអាចមានទៅរហូតដល់១០០អង្សាសេ។ តំបន់នេះត្រូវបានចាត់ទុកថាជាកន្លែងកើតមានបាតុភូតធម្មជាតិចម្លែកគ្មានពីរនៅកម្ពុជា ដែលទាក់ទាញទេសចរមកកម្សាន្ត និងជំនឿលើទឹកពុះ ដែលអាចព្យាបាលជំងឺមួយចំនួនផងដែរ។ តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានជនជាតិដើមភាគតិចសួយ កំពុងរស់នៅច្រើន មានកន្លែងសក្ការៈបូជា និងមានជំនឿថា ជាតំបន់សក្ដិសិទ្ធិ។ បច្ចុប្បន្ននេះ ស្ថានភាពសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៅមានព្រៃឈើ ដែលជាតំបន់ភ្នំអារក្ស ទីតាំងជំនឿរបស់បងប្អូនជនជាតិសួយ៕
ដោយ: យា ចិន្តាខន្តី (ប្រភព: ក្រសួងបរិស្ថាន)





