ប្រ៊ុយណេកំណត់គោលដៅទេសចរណ៍ចិនជាទីផ្សារសំខាន់សម្រាប់ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ -- យោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលព្រុយណេបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រ៊ុយណេបានកំណត់អត្តសញ្ញាណភ្ញៀវទេសចរមកពីប្រទេសចិនថាជាទីផ្សារគោលដៅសំខាន់សម្រាប់ឆ្នាំ២០២៥។
លោកស្រី ហាចាហ៍ តូទីអាទី អាប់ឌុល វ៉ាហាប់ (Hajah Tutiaty Abdul Wahab) លេខាធិការអចិន្ត្រៃយ៍នៅក្រសួងធនធាន និងទេសចរណ៍ប្រ៊ុយណេ បាននិយាយនៅក្នុងសិក្ខាសាលាស្តីពីភាសាចិន និងការកសាងសមត្ថភាពសម្រាប់អ្នកជំនាញទេសចរណ៍របស់ប្រទេសសមាជិកអាស៊ាននៅជិតរដ្ឋធានីបង់ដាសេរីប៉េកាវ៉ាន់ថា ប្រទេសចិនគឺជាទីផ្សារប្រភពទេសចរណ៍ធំទីពីររបស់ប្រទេសប្រ៊ុយណេ។
លោកស្រី ហាចាហ៍ តូទីអាទី បាននិយាយថា គិតត្រឹមខែសីហាឆ្នាំ២០២៥ ប្រទេសប្រ៊ុយណេបានទទួលភ្ញៀវទេសចរចិនចំនួន២៨.៧១៤នាក់។ អ្នកដំណើរជនជាតិចិនភាគច្រើនបានទៅលេងប្រទេសប្រ៊ុយណេសម្រាប់វិស្សមកាល ដើម្បីជួបមិត្តភក្តិ ឬសាច់ញាតិ ឬសម្រាប់គោលបំណងអាជីវកម្ម។
លោកស្រីបាននិយាយថា និន្នាការវិជ្ជមាននេះត្រូវបានពង្រឹងបន្ថែមទៀតដោយការអនុវត្តការលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនទាំងអស់ដែលអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ ១៤ថ្ងៃចាប់តាំងពីខែមីនា ឆ្នាំ២០២៥។
លោកស្រីបាននិយាយថា គំនិតផ្តួចផ្តើមនេះមិនត្រឹមតែបង្កើនភាពងាយស្រួលរបស់ប្រទេសប្រ៊ុយណេសម្រាប់អ្នកដំណើរចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងទ្វេភាគី ដោយត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកាន់តែច្រើន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





