អ៊ីស្រាអែលវាយប្រហារតំបន់ហ្គាហ្សាបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានប្រកាស
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ -- សេវាការពារស៊ីវិលនៃក្រុមប៉ាឡេស្ទីនបានរាយការណ៍ថា អ៊ីស្រាអែលបានបន្តវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បន្ទាប់ពីការប្រកាសកាលពីម្សិលមិញអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ យើងបានទទួលរបាយការណ៍ជាច្រើនអំពីការផ្ទុះនៅទូទាំងតំបន់ ជាពិសេសនៅតំបន់ហ្គាហ្សាភាគខាងជើង»។
នៅពេលមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) បានបញ្ជាក់ថា តំណាងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើដំណាក់កាលដំបូងនៃផែនការសន្តិភាពបន្ទាប់ពីកិច្ចចរចានៅប្រទេសអេហ្ស៊ីប។ យោងតាមលោក ត្រាំ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងទាំងអស់នាពេលខាងមុខ និងការដកទ័ពអ៊ីស្រាអែលទៅកាន់ខ្សែបន្ទាត់ដែលបានព្រមព្រៀងគ្នានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។ លោកបានបន្ថែមថា ជំហានដំបូងត្រូវបានអនុវត្ត «ឆ្ពោះទៅរកសន្តិភាពដ៏រឹងមាំ ជាប់លាប់ និងជារៀងរហូត»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





