លោកជំទាវ ភឿង សកុណា អញ្ជើញចូលរួមកម្មវិធីចាក់បញ្ចាំងភាពយន្ដ “KOPITIAM DAYS” ដើម្បីអបអរសាទរខួបលើកទី៦០នៃសាធារណរដ្ឋសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥--នៅរោងភាពយន្ដ Legend Olympia លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្ដ “KOPITIAM DAYS” ដើម្បីអបអរសាទរខួបលើកទី៦០នៃសាធារណរដ្ឋសិង្ហបុរី។

លោកជំទាវបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងសឹង្ហបុរី បានឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពយូរឆ្នាំរបស់ប្រទេសយើងទាំងពីរ និងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការបន្តបង្កើន និងពង្រីកការសហការនៅគ្រប់កម្រិតទាំងអស់។ ការចាក់បង្ហាញភាពយន្ត “រឿង ទៀមកាហ្វេ - KOPITIAM DAYS” នាពេលនេះបានរំលឹកថា វប្បធម៌មានតួនាទីសំខាន់ក្នុងការភ្ជាប់មនុស្សជាមួយមនុស្ស។

លោកជំទាវបណ្ឌិតសភាចារ្យបានបន្តថា នេះជាការផ្លាស់ប្តូរវប្បធម៌មិនមែនត្រឹមតែជាការកម្សាន្តទេ ប៉ុន្តែជាទំនាក់ទំនងដែលមានន័យរវាងសហគមន៍ ដើម្បីបង្កើតការស្វែងយល់ពីគ្នាទៅវិញទៅមក ការគោរពគ្នា និងការផ្តល់តម្លៃលើសន្តិភាព៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





