ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃ ក្រសួងព័ត៌មានបានកាត់ត្រាព័ត៌មានក្លែងក្លាយចំនួន ១ ០៥៣ ករណី
AKP ព្រៃវែង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥--គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានបានរកឃើញ និងកត់ត្រាព័ត៌មានក្លែងក្លាយចំនួន ១ ០៥៣ ករណី ក្នុងនោះ ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មានដល់ទៅ ៨៥៧ ករណី ដែលបង្កើតឡើងដោយមនុស្សជ្រុលនិយម និងការប្រើបច្ចេកវិទ្យា AI ។

ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយទាំងនោះ ធ្វើឱ្យប៉ះពាល់ទៅដល់ទឹកចិត្តរបស់កងទ័ព ក៏ដូចជាប៉ះពាល់ទៅដល់ការអនុវត្តយន្តការផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួង ស្ថាប័នមានសមត្ថកិច្ច ខិតខំសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាជាមួយនឹងភាគីថៃ ។ ឯកឧត្តមអ្នកនាំពាក្យបានបង្ហាញពីវិធានការទប់ស្កាត់ ព័ត៌មានក្លែងក្លាយដែលបានរកឃើញទាំងអស់នោះ ជាពិសេសមាតិកា ដែលមានប្រភពនៅក្រៅប្រទេស ដោយបានសហការជាមួយក្រុមហ៊ុន មេតា (ហ្វេសប៊ុក ) និងក្រុមហ៊ុន តិកតុក។ ឯកឧត្ដមអ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ថា៖ «ក្រសួងព័ត៌មានបានសហការជាមួយនឹងក្រសួងប្រៃសណីយ៍ ក្រសួងមហាផ្ទៃ ក្នុងការធ្វើ report នូវមាតិកាទាំងនោះ ជាមួយនឹងក្រុមហ៊ុន មេតា និងក្រុមហ៊ុន តិកតុក ដើម្បីបង្ហាញអំពីការរំលោភបំពានទៅលើក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផង ហើយក៏ជាការធ្វើខុសទៅនឹងគោលការណ៍ នៅក្នុងការប្រើប្រាស់ ហ្វេសប៊ុក ឬក៏ តិកតុក ផងដែរ។ ដូច្នេះហើយ ក្រសួងបានសហការជាមួយនឹងក្រុមហ៊ុនទាំងពីរនេះ ។ ក្នុងនោះបានដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងការរំលោភបំពានក្រមសីលធម៌ ក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមទាំងពីរនេះ គឺបានប្រមាណ ៣០ ករណី។ ជាមួយគ្នានេះ ក្រសួងសហការជាមួយម្ចាស់គណនី និងផេកបណ្តាញសង្គម ដែលបានផ្សាយខុស ដោយបានស្នើឱ្យដកមាតិកាចេញ ដើម្បីកុំឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិ និងប៉ះពាល់ដល់សន្តិសុខជាតិ ព្រមទាំងតម្រង់ទិសលើក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយ សរុប១៥៥ករណី។»

សូមបញ្ជាក់ថា កាលពីថ្ងៃទី0១ ខែមេសា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការអនុវត្តន៍យុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេស ក្រោមទិសស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»។ យុទ្ធនាការដែលមានរយៈពេលពេញ១ឆ្នាំនេះ បង្កើតឡើងក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបថ របស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឱ្យចេះបង្កើនការប្រុងប្រយ័ត្ន និងប្រើប្រាស់ដោយការទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា និងរួមចំណែកធានាសុវត្ថិភាពព័ត៌មានរបស់ប្រជាពលរដ្ឋ៕

ដោយ៖ រិទ្ធី





