បណ្តាប្រទេសនៅសហភាពអឺរុបព្រមព្រៀងទៅលើការកម្រិតនៃការធ្វើដំណើររបស់អ្នកការទូតរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- បណ្តាប្រទេសនៅសហភាពអឺរ៉ុប បានបដិសេធសិទ្ធិវេតូរបស់ហុងគ្រី ហើយបានព្រមព្រៀងទៅលើការរឹតបន្តឹងចំពោះការធ្វើដំណើររបស់អ្នកការទូតរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប។នេះបើយោងតាមសារព័ត៌មាន Financial Times (FT) បានរាយការណ៍ដោយដកស្រង់ពីប្រភពរបស់ខ្លួន។
គំនិតផ្តួចផ្តើមដែលដាក់ចេញដោយសាធារណរដ្ឋឆេកnV គឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មថ្មីទី១៩ ប្រឆាំងរុស្ស៊ី ដែលកំពុងត្រូវបានបង្កើតឡើងដោយទីក្រុងប្រ៊ុចសែល។ ការគាំទ្រជាឯកច្ឆ័ន្ទគឺជាតម្រូវការសម្រាប់ការអនុម័តទៅលើកញ្ចប់ទណ្ឌកម្មនេះ។ ប្រទេសហុងគ្រីបានក្លាយជាប្រទេសចុងក្រោយបង្អស់របស់សហភាពអឺរ៉ុបដែលដកសិទ្ធិវេតូរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ «ការអនុម័តស្របច្បាប់» នៃកញ្ចប់ទណ្ឌកម្មនេះអាចនឹងត្រូវបានពន្យារពេល ដោយសារតែភាពមិនចុះសម្រុងគ្នាទៅលើសំណើរបស់ប្រទេសអូទ្រីស ដើម្បីរួមបញ្ចូលនូវវិធានការមួយផ្សេងទៀតដែលនឹងដកចេញនូវទណ្ឌកម្មទៅលើទ្រព្យសម្បត្តិដែលមានទំនាក់ទំនងជាមួយពាណិជ្ជកររុស្ស៊ី លោក អូលែក ដេរីប៉ាស្កា (Oleg Deripaska) ដើម្បីផ្តល់សំណងដល់ធនាគារ Raiffeisen សម្រាប់ការខូចខាតដែលបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី។
ដូចដែលត្រូវបានរាយការណ៍កាលពីមុន អាជ្ញាធរនៃប្រទេសដែលមានបំណងចូលទៅក្នុងសហភាពអឺរ៉ុបនឹងត្រូវជូនដំណឹងយ៉ាងហោចណាស់២៤ម៉ោងមុនពេលឆ្លងកាត់ព្រំដែន។ អ្នកការទូតនឹងតម្រូវឱ្យផ្តល់ព័ត៌មានអំពីប្រភពផលិត ប្រភេទ និងផ្លាកលេខយានជំនិះរបស់ពួកគេ ក៏ដូចជាចំណុចឆ្លងកាត់ព្រំដែនដែលបានគ្រោងទុក និងកាលបរិច្ឆេទនៃការចូល និងចេញ។
ក្នុងករណីធ្វើដំណើរតាមរថភ្លើង រថយន្តក្រុង ឬយន្តហោះ ព័ត៌មានលម្អិតអំពីក្រុមហ៊ុនដឹកជញ្ជូន និងផ្លូវធ្វើដំណើរនឹងត្រូវបានតម្រូវឱ្យផ្តល់។ រដ្ឋជាសមាជិកសហភាពអឺរ៉ុបណាមួយអាចបដិសេធការចូល ឬទាមទារការអនុញ្ញាតបន្ថែមទៀតសម្រាប់ការធ្វើដំណើរ ឬឆ្លងកាត់ទឹកដីរបស់ខ្លួន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





