លោក ដូណាល់ ត្រាំ៖ ពន្ធគយ ២៥% ទៅលើឡានដឹកទំនិញធុនធ្ងន់នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែវិច្ឆិកា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃចន្ទថា ពន្ធគយដ៏តឹងរឹងរបស់សហរដ្ឋអាមេរិកទៅលើរថយន្តដឹកទំនិញធុនធ្ងន់ដែលនាំចូល នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះដោយលោកបានបង្ហាញតាំងពីដំបូងថានឹងដាក់ចេញនូវពន្ធបែបនេះ។
លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមTruth Social របស់លោកថា «ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ រាល់រថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យមដែលចូលមកក្នុងសហរដ្ឋអាមេរិកពីប្រទេសផ្សេងៗ នឹងត្រូវបានយកពន្ធគយក្នុងអត្រា ២៥%»។
រដ្ឋបាលរបស់លោក ត្រាំ បានចាប់ផ្តើមការស៊ើបអង្កេតផ្នែកទី២៣២ទៅលើការនាំចូលរថយន្តដឹកទំនិញកាលពីដើមឆ្នាំនេះ ដើម្បីកំណត់ពីផលប៉ះពាល់នៃសន្តិសុខជាតិ ដោយកំណត់ជាដំណាក់កាលសម្រាប់ការប្រកាសរបស់លោក ត្រាំ។
លោក ត្រាំ បានប្រើប្រាស់ការស៊ើបអង្កេតបែបនេះក្រោមសិទ្ធិអំណាចនៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ១៩៦២ ដើម្បីកំណត់ពន្ធទៅលើទំនិញនាំចូលផ្សេងៗ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផលិតរបស់សហរដ្ឋអាមេរិក និងដាក់ទណ្ឌកម្មលើប្រទេសដែលលោកនិយាយថាកំពុងទាញយកផលប្រយោជន៍ពីប្រទេសរបស់លោក។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានកត់សម្គាល់ថា ផលប៉ះពាល់នៃពន្ធគយទៅលើរថយន្តដឹកទំនិញធុនធ្ងន់នេះ គឺអាស្រ័យលើថា តើមានការលើកលែងពីរថយន្តដែលផលិតនៅក្នុងប្រទេសម៉ិកស៊ិកូ និងកាណាដាដែរឬទេ។
លោក នែល ស្សៀរីង Neil Shearing) និងលោក ស្ទេហ្វិន ប្រោណ (Stephen Brown) អ្នកសេដ្ឋវិទូរបស់ Capital Economics បាននិយាយថា«នៅក្នុងសហរដ្ឋអាមេរិក ប្រភព ៧៨% នៃការនាំចូលរថយន្តដឹកទំនិញធុនធ្ងន់ គឺមកពីម៉ិកស៊ិកូ និង ១៥% មកពីកាណាដា»។
ពួកគេបាននិយាយបន្ថែមនៅក្នុងកំណត់ត្រាមួយកាលពីខែមុន ដោយសំដៅទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-ម៉ិកស៊ិកូ-កាណាដា (USMCA) ថា «បញ្ហាសំខាន់មួយ គឺថាតើនឹងមានការលើកលែងចំពោះផលិតផលដែលអនុលោមតាមកិច្ចព្រមព្រៀងUSMCA ដែរឬក៏យ៉ាងណា»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





