នាយករដ្ឋមន្ត្រីចិនដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅកូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នឹងដឹកនាំគណៈប្រតិភូគណបក្ស និងរដ្ឋាភិបាលទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ដើម្បីចូលរួមពិធីអបអរសាទរខួបលើកទី៨០ នៃគណបក្សពលករកូរ៉េ និងដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ក្នុងសប្តាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអនឡាញមួយកាលពីថ្ងៃអង្គារថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាមួយកូរ៉េខាងជើងនៅក្នុងដំណើរទស្សនកិច្ចនេះដើម្បីបង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្ត ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឆ្នាំនេះជាខួបលើកទី៨០ នៃការបង្កើតគណបក្សពលករកូរ៉េ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងចែករំលែកប្រវត្តិសាស្រ្តដ៏យូរលង់ក្នុងនាមជាមិត្តភ័ក្តិ និងជាប្រទេសជិតខាងជាប្រពៃណី ហើយបានគូសបញ្ជាក់ថា ការរក្សា ការបង្រួបបង្រួម និងអភិវឌ្ឍន៍ទំនាក់ទំនងចិន-កូរ៉េខាងជើង នៅតែជាគោលនយោបាយយុទ្ធសាស្ត្រមិនផ្លាស់ប្តូររបស់គណបក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





