មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន៥ខេត្តបានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបលោក Ando Kenta លេខាទី១នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងលោកស្រី Nana Hasegawa ប្រធានគម្រោងគូសាណូណិ (KUSANONE) នៃស្ថានទូតជប៉ុន ពិភាក្សាលើគម្រោងផ្តល់ជំនួយឥតសំណង និងបន្ដកិច្ចប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីជួយគាំទ្រដល់ជនពិការកម្ពុជា តាមរយៈការបង្កើនភាពគុណភាពនៃការផ្តល់សេវាស្តារលទ្ធភាពពលកម្ម។

ឯកឧត្តម ខុម ផលលឿន នាយកនៃមូលនិធិជនពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែយកចិត្តទុកដាក់ និងជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តួយ៉ាងគម្រោងផ្តល់ជំនួយឥតសំណងគូសាណូនិ KUSANONE របស់ស្ថានទូតជប៉ុននេះ បានជួយគាំទ្រជាបន្តបន្ទាប់នូវគ្រឿងបរិក្ខារបច្ចេកទេស ការជួសជុល និងសាងសង់អគារស្នាក់នៅរបស់ជនពិការនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៥កន្លែង នៅខេត្តក្រចេះ តាកែវ ភ្នំពេញ (គៀនឃ្លាំង និងរោងចក្រផលិតឧបករណ៍អវយៈសិប្បនិម្មិត និងរណប) ព្រៃវែង និងខេត្តសៀមរាប។


ឯកឧត្តមជឿជាក់ថា គម្រោងនេះនឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនពិការក្នុងការចូលរួមសកម្មភាពសង្គម៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





