ការរអិលបាក់ដីនៅនេប៉ាល់បានសម្លាប់មនុស្ស ១១នាក់ ខណៈដែលមន្ត្រីព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ -- ក្រុមមន្ត្រីនេប៉ាល់បាននិយាយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភូមិយ៉ាងហោចណាស់ចំនួនពីរនៅតំបន់ភ្នំភាគខាងកើតនៃប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់ និងបន្សល់ទុកមនុស្សម្នាក់ទៀតកំពុងបាត់ខ្លួន។
យោងតាមជំនួយការមន្ត្រីរដ្ឋបាលស្រុកអ៊ីលលែម លោក បូឡាណាត ហ្គូរ៉ាកៃ (Bholanath Guragai) បាននិយាយថា មនុស្សចំនួន ០៦នាក់នៅក្នុងគ្រួសារតែមួយត្រូវស្លាប់នៅពេលដែលការរអិលបាក់ដីបានធ្វើឱ្យផ្ទះរបស់ពួកគេបាក់ ខណៈដែលពួកគេកំពុងគេងលក់កាលពីព្រឹកថ្ងៃអាទិត្យ ហើយមនុស្ស ០៥នាក់ទៀតនៅក្នុងភូមិជិតខាងត្រូវបានស្លាប់ដែរនៅក្នុងហេតុការណ៍រអិលបាក់ដីដាច់ដោយឡែកពីគ្នាមួយផ្សេងទៀត។
លោកបានបន្តថា មានរបាយការណ៍អំពីការបាក់ដីនៅភូមិផ្សេងទៀតក្នុងស្រុកភ្នំ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការដើម្បីជួយប្រជាជនដែលមានការខ្វះខាត។
ជំនន់ទឹកភ្លៀងបានបង្អាក់កិច្ចខិតខំប្រឹងប្រែងដើម្បីចូលទៅដល់ភូមិទាំងនោះ ហើយផ្លូវជាច្រើនត្រូវបានទឹកហូរកាត់ ឬស្ទះដោយការរអិលបាក់ដី។ លោក ហ្គូរ៉ាកៃ បាននិយាយថា យើងត្រូវការឧទ្ធម្ភាគចក្រមួយចំនួនពីរដ្ឋាភិបាលកណ្តាល ដើម្បីជួយដល់ប្រជាជនដែលត្រូវការការជម្លៀសផ្នែកវេជ្ជសាស្រ្ត។
រដ្ឋាភិបាលនេប៉ាល់បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងកើត និងភាគកណ្តាលនៃប្រទេសចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុនដល់ថ្ងៃច័ន្ទម្សិលមិញនេះ ខណៈដែលមានការបិទផ្លូវហាយវេធំៗមួយចំនួន។ជើងហោះហើរក្នុងស្រុកទាំងអស់ត្រូវបានផ្អាកកាលពីថ្ងៃសៅរ៍ដោយអាជ្ញាធរអាកាសចរណ៍ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងការមើលឃើញមិនល្អ ប៉ុន្តែត្រូវបានបើកឡើងវិញនៅថ្ងៃអាទិត្យ។
ផ្លូវហាយវេសំខាន់ៗដែលតភ្ជាប់រដ្ឋធានីកាតាម៉ាន់ឌូជាមួយនឹងតំបន់ផ្សេងទៀត ត្រូវបានបិទដោយអាជ្ញាធរ ខណៈដែលផ្នែកខ្លះត្រូវបានបិទដោយការរអិលបាក់ដី និងខ្លះទៀតត្រូវបានបិទសម្រាប់វិធានការប្រុងប្រយ័ត្ន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





