បច្ចុប្បន្នភាព៖ ចំនួនអ្នកស្លាប់ក្នុងករណីបាក់រលំអគារសិក្សានៅឥណ្ឌូណេស៊ីកើនដល់៤៥នាក់
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ -- ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារសិក្សានៅក្នុងខេត្តចាវ៉ាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ ៤៥នាក់ហើយ ខណៈដែលក្រុមជួយសង្គ្រោះបានយកសាកសពបន្ថែមទៀតចេញពីគំនរបាក់បែក។
យោងតាមទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិ (Basarnas) បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានទាញយកជនរងគ្រោះចំនួន ១៩នាក់ទៀតចេញពីគំនរបាក់បែកកាលពីថ្ងៃអាទិត្យ ដោយបានបង្កើនចំនួនអ្នកស្លាប់ឡើងដល់ ៤៥នាក់ ពោលគឺកើនឡើងពីចំនួនអ្នកស្លាប់ចំនួន ៣៧នាក់ដែលត្រូវបានបញ្ជាក់កាលពីព្រឹកថ្ងៃសៅរ៍។
នាយកប្រតិបត្តិការរបស់ទីភ្នាក់ងារ Basarnas លោក យូឌី ប្រាម៉ាន់ទីយ៉ូ (Yudhi Bramantyo) បានប្រាប់អ្នកសារព័ត៌មានថា ចំនួនជនរងគ្រោះសរុបដែលក្រុមអ្នកជួយសង្គ្រោះបានជម្លៀសចេញ មានចំនួន ១៤៩នាក់ដោយក្នុងនោះ មាន ៤៥នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ១០៤នាក់នៅរស់រានមានជីវិត។
ការបញ្ជាក់នេះបានបន្ថយចំនួនអ្នកបាត់ខ្លួនមកនៅត្រឹម ១៨នាក់ បើទោះបីជាតួលេខនេះនៅតែមិនទាន់មានភាពប្រាកដប្រជាក៏ដោយ ដោយផ្អែកទៅលើបញ្ជីវត្តមានរបស់សិស្សានុសិស្សដែលផ្តល់ឱ្យដោយសាលាបណ្ដុះបណ្ដាលអ៊ីស្លាមនោះ។
ជាង ៦០% នៃកំទេចកំទីត្រូវបានសម្អាត ប៉ុន្តែក្រុមការងារបានប្រឈមមុខនឹងឧបសគ្គជាច្រើន រួមទាំងដុំបេតុងដែលភ្ជាប់ទៅនឹងអគារជិតខាងផងដែរ។
លោក អាប់ឌុល មូហារី (Abdul Muhari) ប្រធានមជ្ឈមណ្ឌលទិន្នន័យគ្រោះមហន្តរាយ ព័ត៌មាន និងទំនាក់ទំនងនៃទីភ្នាក់ងារជាតិសម្រាប់ការប្រឆាំងគ្រោះមហន្តរាយ (BNPB) បាននិយាយថា សិស្សានុសិស្សចំនួន ១៦៧នាក់ត្រូវបានរងផលប៉ះពាល់ ដែលក្នុងនោះ ១០៤នាក់ត្រូវបានរកឃើញថាមានសុវត្ថិភាព។ អ្នករស់រានមានជីវិតមានចំនួន ១៤នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ និង ៨៩នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យហើយ ហើយម្នាក់ទៀតត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យផ្សេងមួយទៀត។
សិស្សានុសិស្សរាប់រយនាក់ដែលភាគច្រើនជាក្មេងប្រុសជំទង់ស្ថិតនៅក្នុងសាលាអ៊ីស្លាមអាល់ ខូហ្ស៊ីនី ក្នុងស្រុកស៊ីដូអាចូ នៅពេលដែលវាបានដួលរលំកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយបានសម្លាប់សិស្សានុសិស្សយ៉ាងតិច ០៥នាក់ដំបូង និងរបួសប្រហែល ១០០នាក់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





