អង្គការឃ្លាំមើលសិទិ្ធមនុស្សអំពាវនាវឱ្យមានសកម្មភាពដើម្បីការពារសិទ្ធិជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ -- អង្គការឃ្លាំមើលសិទិ្ធមនុស្ស(HRW) បានអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ដើម្បីការពារសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដោយបានសង្កត់ធ្ងន់ថាវិធានការទាំងនេះជារឿងបន្ទាន់ ហើយមិនគួរជាប់ពាក់ព័ន្ធទៅនឹងការអនុវត្តផែនការបទឈប់បាញ់នោះទេ។ ក្រុមការងារដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនេះបានរិះគន់ទៅលើផែនការ ២០ចំណុចដែលបង្ហាញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)ដោយបញ្ជាក់ថា វាមិនជំនួសឱ្យការការពារដែលចាំបាច់ និងការបរាជ័យក្នុងការដោះស្រាយដោយផ្ទាល់នូវបញ្ហាសិទ្ធិមនុស្ស ឬការទទួលខុសត្រូវចំពោះការរំលោភធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មកនោះទេ។
អង្គការនេះបានរាយការណ៍ថា ខ្លួនបានចងក្រងឯកសារនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាច្រើននៃច្បាប់សង្រ្គាម ដែលខ្លួនអះអាងថាជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងការសម្លាប់រង្គាលអំពើប្រល័យពូជសាសន៍ និងការរំលោភបំពានដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។ អង្គការ HRW បានអំពាវនាវថា«រដ្ឋាភិបាលទាំងអស់ត្រូវតែធ្វើសកម្មភាពដើម្បីទប់ស្កាត់អំពើឃោរឃៅទាំងនោះ និងការពារភាពជាសកលនៃសិទ្ធិមនុស្ស"។
ដើម្បីអនុវត្តសកម្មភាពទាំងនេះ អង្គការ HRW បានជំរុញឱ្យរដ្ឋាភិបាលនានាដាក់សម្ពាធទៅលើអ៊ីស្រាអែលឱ្យដកការរឹតបន្តឹងខុសច្បាប់សម្រាប់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ក្រុមសិទ្ធិមនុស្សនោះក៏បានទាមទារឱ្យមានការទណ្ឌកម្មទៅលើទីក្រុងតេលអាវីវផងដែរ ដែលរួមមានទាំងការបញ្ឈប់ការផ្ទេរសព្វាវុធ ការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល និងការចេញបម្រាមការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិសម្រាប់មន្ត្រីអ៊ីស្រាអែល ដែលជាប់ពាក់ព័ន្ធក្នុងការរំលោភបំពានដែលកំពុងបន្ត។ ការអំពាវនាវនេះបានធ្វើឡើងនៅពេលដែលជម្លោះនោះបានបណ្តាលឱ្យមានការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង៦៧.១០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ដែលបណ្តាលឱ្យតំបន់ជុំវិញមិនអាចរស់នៅបាន និងនាំទៅរកភាពអត់ឃ្លាន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





