ទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងអបអរសាទរ បុណ្យភ្ជុំបិណ្ឌ និងការប្រគុំតន្ត្រីសប្បុរសធម៌រៃអង្គាស់ថវិកាជួយដល់កងទ័ព និងជនភៀសសឹកនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- ឯកអគ្គរាជទូតកូរ៉េខាងត្បូងបានចូលរួមកម្មវិធីអបអរសាទរ បុណ្យភ្ជុំបិណ្ឌ និងការប្រគុំតន្ត្រីសប្បុរសធម៌ ក្នុងគោលបំណងរៃអង្គាស់ថវិកាជួយដល់កងទ័ព និងជនភៀសសឹកនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឃួន ផុនរតនៈឯកអគ្គរាជទូតតែងតាំង ប្រចាំប្រទេសកូរ៉េខាងត្បូង បានចូលរួមកម្មវិធីអបអរសាទរ បុណ្យភ្ជុំបិណ្ឌ និងការប្រគុំតន្ត្រីសប្បុរសធម៌ នៅតំបន់ក្វាងជូតូច ប្រទេសកូរ៉េខាងត្បូង ដែលរៀបចំដោយមជ្ឈមណ្ឌលគាំពារពលករបរទេសក្វាងជូតូច ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងប្រមាណ ៥ពាន់នាក់។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងរៃអង្គាស់ថវិកាជួយដល់កងទ័ព និងជនភៀសសឹកនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានចូលរួមមតិសំណេះសំណាល និងទស្សនាស្តង់ម្ហូបខ្មែរ ព្រមទាំងបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងអាជ្ញាធរពាក់ព័ន្ធ ដែលតែងតែជួយសម្របសម្រួល និងជួយយកចិត្តទុកដាក់គាំពារដល់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់ ក៏ដូចជាក្នុងខេត្តខ្យង់គីទាំងមូល៕
ដោយ៖ ប៊ុនរិទ្ធ





