ចំនួនអ្នកស្លាប់ក្នុងការបាក់អគារសិក្សានៅឥណ្ឌូណេស៊ីកើនដល់ ៣៧នាក់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ -- អាជ្ញាធរជួយសង្គ្រោះក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការដួលរលំអគារសិក្សានៅក្នុងខេត្តចាវ៉ាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៣៧នាក់។
លោក ណាណាង ស៊ីគីត (Nanang Sigit) ប្រធានការិយាល័យស្រាវជ្រាវ និងជួយសង្គ្រោះនៃខេត្តចាវ៉ាខាងកើត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យនោះថាការងារជីករុករកបាននឹងកំពុងជួបបញ្ហា ខណៈដែលជនរងគ្រោះត្រូវបានកប់នៅក្រោមគំនរបាក់បែក។
មនុស្សប្រហែល ២៥នាក់នៅតែបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។
ផ្នែកមួយនៃសាលាបង្រៀនអ៊ីស្លាម អាល់ ខូហ្ស៊ីនី នៅក្នុងស្រុកស៊ីដូអាចូ បានដួលរលំកាលពីថ្ងៃច័ន្ទសប្តាហ៍មុន ក្នុងអំឡុងពេលនៃការជួសជុលដោយគ្មានការអនុញ្ញាត ដោយបានធ្វើឱ្យសិស្សានុសិស្សរាប់សិបនាក់ត្រូវជាប់នៅក្រោមគំនរបាក់បែក។
ក្រុមអ្នកជួយសង្គ្រោះបានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីមិនបានរកឃើញសញ្ញានៃអ្នកដែលនៅរស់រានមានជីវិតបន្ថែមទៀត។ នៅពេលមុននេះ ពួកគេបានពឹងផ្អែកជាខ្លាំងទៅលើការជីកកកាយដោយដៃ ដោយបារម្ភថា ឧបករណ៍ធុនធ្ងន់អាចបណ្តាលឱ្យមានការដួលរលំបន្ថែមទៀត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស៊ីនហួ)





