រដ្ឋមន្ត្រីសេដ្ឋកិច្ចព័រទុយហ្គាល់សម្លឹងមើលអំពីកិច្ចសហប្រតិបត្តិការនវានុវត្តន៍កាន់តែស៊ីជម្រៅជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ -- លោក ម៉ានុយអ៊ែល កាស្ត្រូ អាល់មៃដា (Manuel Castro Almeida) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងដែនដីរបស់ប្រទេសព័រទុយហ្កាល់ បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានស៊ីនហួរ កាលពីពេលថ្មីៗនេះថា «សព្វថ្ងៃ ប្រទេសចិនស្ថិតក្នុងកម្រិតគួរឱ្យកត់សម្គាល់នៃការអភិវឌ្ឍបច្ចេកវិទ្យា និងជាកត្តាជំរុញដ៏សំខាន់នៃនវានុវត្តន៍បច្ចេកវិទ្យាសកលលោក»។
និយាយអំពីវឌ្ឍនភាពដែលធ្វើឡើងក្រោមផែនការប្រាំឆ្នាំលើកទី១៤របស់ប្រទេសចិន លោក អាល់មៃដា បាននិយាយថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោកបាននិយាយថា «ខ្ញុំបានមកលេងប្រទេសចិនកាលពី ២០ឆ្នាំមុន ១០ឆ្នាំមុន និងទើបតែ ១៥ថ្ងៃមុននេះ ហើយភាពខុសគ្នានូវកម្រិតនៃការអភិវឌ្ឍរបស់វា គឺធំធេងណាស់»។
លោក អាល់មៃដា បានរំលឹកថា លោកបានអមដំណើរនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក ល្វីស ម៉ុនតេណេហ្រ្គោ (Luis Montenegro) ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនកាលពីខែមុន។ លោកបាននិយាយថា «វាច្បាស់ណាស់ថា លោកប្រធានាធិបតី ស៊ី មានការកោតសរសើរជាវិជ្ជមានចំពោះប្រទេសព័រទុយហ្គាល់ និងស្គាល់ប្រទេសនេះយ៉ាងច្បាស់»។ លោកបានបន្ថែមថា «លោកប្រធានាធិបតីចិន បាននិយាយដោយចំណេះដឹងពិតប្រាកដ ហើយថែមទាំងបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនចំពោះព័រទុយហ្គាល់ផងដែរ ដែលធ្វើឱ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង និងបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនងរបស់យើង»។
ខណៈដែលចូលរួមពិធីប្រារព្ធខួបលើកទី១១៥ នៃក្រុមហ៊ុន Alcobre នៅ Ovar ដែលជាក្រុមហ៊ុនផលិតខ្សែអគ្គិសនីដ៏ចំណាស់បំផុតរបស់ប្រទេសព័រទុយហ្គាល់ និងឥឡូវនេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hengtong Group របស់ប្រទេសចិន លោក អាល់មៃដា បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតនូវពាក្យ «នវានុវត្តន៍» ដែលលោកជឿថា ស្របគ្នាទៅនឹងអាទិភាពនៃការអភិវឌ្ឍដែលបានសង្កត់ធ្ងន់នៅក្នុងផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិននាពេលខាងមុខ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស៊ីនហួ)





