អាស៊ានដាក់ចេញនូវមេរៀនបណ្តុះបណ្តាលប្រឆាំងព័ត៌មានក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ -- អាស៊ានត្រូវបានគេរំពឹងថានឹងដាក់ចេញនូវមេរៀនសម្រាប់ការបណ្តុះបណ្តាលការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ នៅក្នុងសេចក្តីប្រកាសទីក្រុងគូឡាឡាំពួ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅចុងខែតុលាខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី លោក ហ្វាមី ហ្វាដហ្ស៊ីល (Fahmi Fadzil) បាននិយាយនៅក្នុងសិក្ខាសាលាមួយ ស្តីពីការបង្កើតមេរៀនបណ្តុះបណ្តាលសម្រាប់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយដល់រដ្ឋជាសមាជិកអាស៊ានក្នុងការដោះស្រាយបញ្ហានៃព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ព័ត៌មានបង្កគ្រោះថ្នាក់ និងព័ត៌មានបំភ្លៃ។
លោក ហ្វាមី បានសម្តែងក្តីសង្ឃឹមថា មេរៀននេះនឹងជួយដល់អាស៊ានមិនត្រឹមតែក្លាយជាតំបន់អព្យាក្រឹត វិបុលភាព និងទំនាក់ទំនងជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាធានាបាននូវប្រព័ន្ធអ៊ីនធឺណិតដែលមានសុវត្ថិភាពជាងមុន ជួយបង្កាព័ត៌មានក្លែងក្លាយ និងការបោកប្រាស់តាមអនឡាញ។
មេរៀននេះត្រូវបានបង្កើតឡើងជុំវិញទិដ្ឋភាពសំខាន់ៗចំនួនប្រាំ គឺការយល់ដឹងអំពីព័ត៌មានបំភ្លៃបែបទំនើប ព័ត៌មានបំភ្លៃដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) ការត្រួតពិនិត្យការពិត និងការផ្ទៀងផ្ទាត់ឌីជីថល ក្របខ័ណ្ឌច្បាប់ និងក្រមសីលធម៌នៅក្នុងតំបន់អាស៊ាន និងគុណតម្លៃ និងសីលធម៌នៃព័ត៌មាន។
រដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា មេរៀននេះត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំ «រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន(AMRI)» នាពេលខាងមុខ។
ម៉ាឡេស៊ីបានចាត់វិធានការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហានេះ រួមទាំងទាមទារឱ្យមានការចូលរួមពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីដោះស្រាយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមអនឡាញ ដូចជាការក្លែងបន្លំ និងការបោកប្រាស់ផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





