ហ្វីលីពីនមានសុទិដ្ឋិនិយមចំពោះទិន្នផលស្រូវខ្ពស់ដែលត្រូវបានកត់ត្រា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ -- ក្រសួងកសិកម្មហ្វីលីពីន បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋបាលរបស់លោក ម៉ាកូស បានបង្កើនការគាំទ្រផ្នែកកសិកម្ម និងពង្រីកផ្ទៃដីប្រមូលផលស្រូវ ដើម្បីជំរុញផលិតកម្មស្រូវរបស់ប្រទេសនេះឱ្យកើនឡើងខ្ពស់បំផុតក្នុងឆមាសទីមួយនៃឆ្នាំនេះ។
យោងតាមទិន្នន័យដែលបានចេញផ្សាយថ្មីពីអាជ្ញាធរស្ថិតិហ្វីលីពីន(PSA) បានឱ្យដឹងថា ប្រទេសហ្វីលីពីនបានប្រមូលផលស្រូវជាង៩,០៧លានតោនចាប់ពីខែមករាដល់ខែមិថុនា លើសពីកម្រិតខ្ពស់បំផុតពីមុនដែលមានជាង ៩,០២លានតោនក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣និង ៨,៥៣លានតោនកាលពីឆ្នាំមុន។
មន្ត្រីកសិកម្មបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងតំបន់ដើម្បីធានាសន្តិសុខស្បៀងកំពុងចាប់ផ្តើមទទួលបានផលហើយ។សមិទ្ធិផលដ៏ខ្ពស់នេះត្រូវបានកត់ត្រាមួយផ្នែកដោយសារយន្តការ ការកែលម្អប្រព័ន្ធធារាសាស្រ្ត និងការចែកចាយគ្រាប់ពូជដែលមានគុណភាពខ្ពស់។
រដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភជីដល់កសិករចំនួន ៥,៦៦លាននាក់ផងដែរ ដោយជួយជំរុញផលិតកម្មក្នុងស្រុក។ ទិន្នផលខ្ពស់ត្រូវបានគាំទ្របន្ថែមទៀតដោយតំបន់ប្រមូលផលដែលត្រូវបានពង្រីក និងលក្ខខណ្ឌអាកាសធាតុអំណោយផលនៅក្នុងឆមាសទីមួយ។ ទិន្នន័យបង្ហាញថា ផ្ទៃដីប្រមូលផលបានកើនឡើងយ៉ាងខ្លាំងដល់ជាង ២,១២លានហិកតាដែលកើនឡើងពី ២,០៦៥លានហិកតាក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។
ជាមួយនឹងទិន្នផលនេះនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ក្រសួងជឿជាក់ថា ប្រទេសហ្វីលីពីនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅផលិតកម្មស្រូវប្រចាំឆ្នាំខ្ពស់បំផុតរបស់ខ្លួន គឺ ២០,៤៦លានតោន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





