ឡាវផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារពិភពលោក
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ -- ពិព័រណ៍ផលិតផលដែលផលិតក្នុងប្រទេសឡាវឆ្នាំ២០២៥ បានបើកជាផ្លូវការនៅទីក្រុងវៀងច័ន្ទន៍ កាលពីចុងសប្តាហ៍មុន ដោយបានបង្ហាញដល់អ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិនូវទំនិញចម្រុះដែលផលិតនៅក្នុងប្រទេស។
នេះជាលើកទី១១ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ។ ព្រឹត្តិការណ៍នេះស្វែងរកការពង្រឹងតួនាទីរបស់សហគ្រាសជាកម្លាំងចលករសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីឡាវ លោក សុនសាយ ស៊ីផាន់ដូន (Sonxay Siphandone) បានចូលរួមក្នុងពិធីបើកនោះ រួមជាមួយនឹងបណ្តារដ្ឋមន្ត្រីតំណាងស្ថាប័នការទូត និងអង្គការអន្តរជាតិនានា។
ពិព័រណ៍ឆ្នាំនេះប្រមូលផ្តុំនូវអាជីវកម្មចំនួន១៦០ មកពីខេត្តក្រុងចំនួន១៧របស់ប្រទេសឡាវ ដែលមានជាង ២០០ស្តង់។ ផលិតផលដែលដាក់តាំងបង្ហាញរួមមាន សិប្បកម្ម គ្រឿងសង្ហារិម កសិផល ម្ហូបអាហារ និងភេសជ្ជៈសេវាកម្មទេសចរណ៍ ទំនិញឧស្សាហកម្ម និងទំនិញក្រោមគម្រោងស្រុកមួយផលិតផលមួយ (ODOP)។ តម្លៃសរុបនៃទំនិញដែលបានដាក់តាំងបង្ហាញត្រូវបានប៉ាន់ប្រមាណថាមានជាង ១៦ពាន់លានគីប (ប្រហែល៧៤០.០០០ដុល្លារអាម៉េរិក) ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងសក្តានុពលរបស់សហគ្រាសឡាវ។
លើសពីព្រឹត្តិការណ៍នៃការដាក់បង្ហាញផលិតផល ព្រឹត្តិការណ៍នេះក៏ជាវេទិកាសម្រាប់ការតភ្ជាប់ពាណិជ្ជកម្ម និងការផ្លាស់ប្តូរបទពិសោធន៍នៃការគ្រប់គ្រង ទីផ្សារ និងការអភិវឌ្ឍទីផ្សារ។ វាក៏ជួយដល់ធុរកិច្ចឡាវក្នុងការលើកកម្ពស់ការទទួលស្គាល់ម៉ាកយីហោ ពង្រឹងការប្រកួតប្រជែង និងផ្សព្វផ្សាយវប្បធម៌ សិប្បកម្មប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសឡាវទៅកាន់មិត្តអន្តរជាតិផងដែរ។
ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ពិព័រណ៍ផលិតផលដែលផលិតក្នុងប្រទេសឡាវឆ្នាំ២០២៥ មានសកម្មភាពជាច្រើន រាប់ចាប់តាំងពីសិក្ខាសាលាអាជីវកម្ម និងការតាំងពិពណ៌ផលិតផលរហូតដល់បណ្តាញភាពជាដៃគូ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់មោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មុខទំនិញរបស់ឡាវក្នុងទីផ្សារពិភពលោក ទន្ទឹមនឹងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ឡាវជាមួយបណ្តាប្រទេសជាដៃគូ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





