ការផ្លាស់ប្តូរឌីជីថលជាកត្តាជំរុញដ៏សំខាន់នៃការប្រកួតប្រជែងរបស់ម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ -- របៀបវារៈនៃការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសម៉ាឡេស៊ីក្រោមផែនការម៉ាឡេស៊ីលើកទី១៣(13MP) ត្រូវបានកំណត់ដើម្បីក្លាយជាកត្តាសំខាន់នៃការប្រកួតប្រជែងថ្នាក់ជាតិរយៈពេលវែង ការជំរុញផលិតភាព បរិយាប័ន្ន និងកំណែទម្រង់រចនាសម្ព័ន្ធ។ នេះបើយោងតាមរដ្ឋមន្ត្រីទីពីរនៃក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក អាមៀ ហាំហ្សា អាហ្ស៊ីហ្សាន់ (Amir Hamzah Azizan)។
ថ្លែងនៅក្នុងពិធីសម្ពោធរបាយការណ៍ ស្តីពីការត្រួតពិនិត្យសេដ្ឋកិច្ចម៉ាឡេស៊ីចុងក្រោយបង្អស់របស់ធនាគារពិភពលោក លោក អាមៀ បាននិយាយថា ការអនុម័តជាយុទ្ធសាស្រ្តនៃបច្ចេកវិទ្យារដ្ឋាភិបាល (GovTech) និងនវានុវត្តន៍ឌីជីថលនឹងមានសារៈសំខាន់ក្នុងការផ្តល់នូវសេវាសាធារណៈដែលមានប្រសិទ្ធភាពជាងមុន ខណៈដែលពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លោកបាននិយាយថា នៅពេលដែលប្រទេសម៉ាឡេស៊ីមានភាពស្មុគស្មាញកាន់តែខ្លាំងឡើងនៃទិដ្ឋភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ វាច្បាស់ណាស់ថា ម៉ាឡេស៊ីត្រូវតែមានភាពរហ័សរហួនក្នុងការរៀបចំការឆ្លើយតបគោលនយោបាយឱ្យបានទាន់ពេលវេលា មានភាពពាក់ព័ន្ធ និងស៊ីសង្វាក់គ្នា។
ការចេញផ្សាយនូវលើកទី៣១ នៃ «ការត្រួតពិនិត្យសេដ្ឋកិច្ចម៉ាឡេស៊ី»បានបង្ហាញពីមហិច្ឆតាឌីជីថលរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្រោមផែនការ13MP និងតម្រូវការក្នុងការទាញយកនវានុវត្តន៍សម្រាប់វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច។
លោក អាមៀ ហាំហ្សា បានសង្កត់ធ្ងន់ថា ឌីជីថលភាវូបនីយកម្មត្រូវតែក្លាយជាគោលដៅទូលំទូលាយលើសពីកំណើនសេដ្ឋកិច្ច។
លោកបាននិយាយថា នៅក្រោមផែនការ 13MP ការផ្លាស់ប្តូរឌីជីថលមិនគ្រាន់តែជារបៀបវារៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាជំរុញដល់វឌ្ឍនភាពសង្គមផងដែរ។ តាមរយៈការពង្រីកការចូលប្រើប្រាស់ ការពង្រឹងជំនាញឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដូចជាបញ្ញាសិប្បនិមិ្មត (AI)ជាដើមនោះ ម៉ាឡេស៊ីអាចកាត់បន្ថយវិសមភាព លើកកម្ពស់ជីវភាពរស់នៅនិងបង្កើតឱកាសសម្រាប់ប្រជាជនម៉ាឡេស៊ីទាំងអស់។
លោកបានបន្ថែមថា ការការពារការជឿទុកចិត្តរបស់សាធារណៈជនតាមរយៈសន្តិសុខសាយប័រដ៏រឹងមាំ និងអភិបាលកិច្ចទិន្នន័យប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ដើម្បីធានាថា អត្ថប្រយោជន៍ឌីជីថលត្រូវបានចែករំលែកយ៉ាងទូលំទូលាយ និងប្រកបដោយសមធម៌៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





