លោកស្រី តាកៃជិ Takaichi ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ -- អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន លោកស្រី សាណាអេ តាកៃជិ (Sanae Takaichi) បានឈ្នះការបោះឆ្នោតប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យលោកស្រីអាចក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុន។
សមាជិកសភាមកពីគណបក្ស LDP បានបោះឆ្នោត គាំទ្រលោកស្រីចំនួន ១៨៣សំឡេងនៃការបោះឆ្មោតសរុបចំនួន ២៩៥សំឡេងក្នុងការបោះឆ្នោតជុំទីមួយ ដោយប្រកួតប្រជែងជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) ដែលទទួលបាន ១៦៤សំឡេង។
នៅក្នុងការបោះឆ្នោតបន្ត សមាជិកសភាមកគណបក្ស LDP បានបោះឆ្នោតគាំទ្រលោកស្រី តាកៃជិ ចំនួន ១៨៥សំឡេង ដោយយកឈ្នះលើលោក កូអ៊ីហ្ស៊ូមិ ដែលទទួលបាន ១៥៦សំឡេង។
នេះជាការបោះឆ្នោតលើកទីបីរបស់លោកស្រី តាកៃជិ សម្រាប់តំណែងជាអ្នកដឹកនាំគណបក្ស បន្ទាប់ពីបរាជ័យពីមុននៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៤។ ជ័យជម្នះរបស់លោកស្រីបានធ្វើឱ្យលោកស្រីក្លាយស្ត្រីទីមួយដែលបានឈ្នះតំណែងប្រធានគណបក្សកាន់អំណាចយូរអង្វែងរបស់ប្រទេសជប៉ុន។
បន្ទាប់ពីការបោះឆ្នោត សភាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសតាំងលោកស្រីជានាយករដ្ឋមន្ត្រីនៅពាក់កណ្តាលខែតុលាខាងមុខនេះ។
ទោះបីជាគណបក្សដែលកំពុងកាន់អំណាចបានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងសភាទាំងពីរក៏ដោយ ប៉ុន្តែមេដឹកនាំថ្មីគឺស្ទើរតែប្រាកដណាស់ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ ចាប់តាំងពីគណបក្ស LDP នៅតែជាគណបក្សធំជាងគេរបស់ប្រទេសជប៉ុន៕
ដោយ: យា ចិន្តាខន្តី (ប្រភព: ស៊ីនហួ)





