យ៉ាងហោចណាស់មនុស្ស ២៦នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុលិចទូកនៅប្រទេសនីហ្សេរីយ៉ា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ -- អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់សាកសពចំនួន ២៦នាក់ត្រូវបានគេរកឃើញក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ បន្ទាប់ពីទូកដែលផ្ទុកមនុស្សពេញមួយបានលិចនៅក្នុងរដ្ឋកូជី ភាគកណ្តាលរបស់ប្រទេសនីហ្សេរីយ៉ា។
លោក គីងស្លេយ ហ្វេនវ៉ូ (Kingsley Fanwo) ស្នងការទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនងនៅរដ្ឋកូជី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា ទូកដែលដឹកពាណិជ្ជករភាគច្រើនធ្វើដំណើរពីតំបន់រដ្ឋាភិបាលក្នុងតំបន់ Ibaji នៃរដ្ឋកូជីទៅកាន់តំបន់ Ilushi ក្នុងរដ្ឋអេដូ ភាគខាងត្បូង បានលិចនៅកណ្តាលទន្លេនីហ្សេ កាលពីល្ងាចថ្ងៃអង្គារ។
លោក ហ្វេនវ៉ូ បាននិយាយថា «នេះគឺជាការបាត់បង់ដ៏ក្រៀមក្រំមួយហើយការគិត និងការអធិស្ឋានរបស់យើងគឺនៅជាមួយក្រុមគ្រួសារនៃអ្នកស្លាប់ ក៏ដូចជាតំបន់រដ្ឋាភិបាលក្នុងតំបន់ Ibaji ទាំងមូលក្នុងអំឡុងពេលនេះ»លោកបាននិយាយថា យ៉ាងហោចណាស់សាកសព ២៦នាក់ត្រូវបានគេរកឃើញដោយក្រុមអ្នកជួយសង្គ្រោះ។
ដោយដកស្រង់សម្ដីពីសាក្សី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធបានរាយការណ៍ថា ជនរងគ្រោះកាន់តែច្រើនបានរកឃើញក្នុងឧបទ្ទវហេតុនេះ ដែលបង្កើនការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





